ក្លិបបាល់ទាត់វិសាខា ក្រោយការដឹកនាំរបស់គ្រូបង្គោលបណ្ដោះអាសន្ន លោក Tunji Ayoyinka Akeeb ជនជាតិនីហ្សេរីយ៉ា នៅមិនទាន់ស្គាល់ពាក្យថាចាញ់ឡើងសម្រាប់ ៤ប្រកួតចុងក្រោយនៅក្នុងក្នុងលីគ និងពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ជាតិ លើកទី១៨ ឆ្នាំ២០២៥។

ឆ្លងកាត់ ៤ប្រកួតលោក Tunji Ayoyinka Akeeb ដឹកនាំវិសាខា យកឈ្នះ ៣ប្រកួតក្នុងលីគកំពូលកម្ពុជា រួមមាន៖
- ថ្ងៃទី២ កុម្ភ: ២០២៥៖ គិរីវង់សុខសែនជ័យ ១-២ វិសាខា (លីគកំពូលកម្ពុជា)
- ថ្ងៃទី១៥ កុម្ភ: ២០២៥៖ បឹងកេត ០-២ វិសាខា (លីគកំពូលកម្ពុជា)
- ថ្ងៃទី២២ កុម្ភ: ២០២៤៖ វិសាខា ២-១ ភ្នំពេញក្រោន (លីគកំពូលកម្ពុជា)
- ថ្ងៃទី២៦ កុម្ភ: ២០២៥៖ Tiffy Army ២-២ វិសាខា (Hun Sen Cup)
សូមរំលឹកថា ក្លិបបាល់ទាត់វិសាខា កាលពីថ្ងៃទី១ កុម្ភ: បានប្រកាសតែងតាំងគ្រូជំនួយ លោក Tunji Ayoyinka Akeeb ជាគ្រូបង្គោលបណ្ដោះអាសន្ន បន្ទាប់ពីចែកផ្លូវជាមួយ លោក Kalns jurgis ជនជាតិឡេតូនី ដើម្បីដឹកនាំគ្រប់ការប្រកួតសេសសល់ ក្នុងរដូវកាលឆ្នាំ២០២៤/២៥ ក៏ដូចជាពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ជាតិ លើកទី១៨ ឆ្នាំ២០២៥។

លោក Tunji Ayoyinka Akeeb បានចូលរួមជាមួយក្លិបាល់ទាត់វិសាខា ដំបូងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ក្នុងនាមជាជំនួយការអ្នកគ្រប់គ្រង។ គ្រូបង្គោលស្ដីទីរូបនេះ ក៏ធ្លាប់ទទួលបានពានរង្វាន់គ្រូបង្វឹកល្អជាងគេ ប្រចាំពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៥ ឆ្នាំ២០២១ (ថ្នាក់ជាតិ) ក្នុងការដឹកនាំក្រុមបណ្ដោះអាសន្ននាពេលនោះ។
គួរបញ្ជាក់ ផងដែរថា ក្លិបបាល់ទាត់វិសាខា បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ ៣ នៃពានរង្វាន់លីគកំពូលកម្ពុជា រដូងកាលឆ្នាំ២០២៤-២៥ ដោយឆ្លងកាត់ ២១ប្រកួត ២១ប្រកួត ឈ្នះ ១៥ប្រកួត ស្មើ ២ប្រកួត និងចាញ់៤ប្រកួត មាន ៤៧ពិន្ទុ ខណ:លេខ១ ព្រះខ័នរាជស្វាយរៀង មាន ៥៥ពិន្ទុ និងភ្នំពេញក្រោន លេខ២ មាន ៥១ពិន្ទុ៕




