នៅថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៥ នេះ ក្រសួងព័ត៌មានបានចេញសេចក្តីណែនាំមួយ ដោយកត់សម្គាល់ថា អ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបាន​បង្កើត​ខ្លឹមសារ និង​រូបភាព ដែល​បំពាន​លើ​ក្រម​សីលធម៌ និង​បាន​ប្រើប្រាស់​វិធីសាស្ត្រមិនស្មោះត្រង់​ទាញ​យក​ចំណាប់​អារម្មណ៍​ ដើម្បី​លក់ផលិតផលខ្លួនដាច់ ដោយមិនគិតគូរដល់ផលប៉ះពាល់លើសេចក្តីថ្លៃថ្នូរ និងសីលធម៌សង្គម។

ក្នុងសេចក្តីណែនាំនេះ ក្រសួងបានហាមឃាត់ជាបន្ទាន់នូវការប្រើប្រាស់វិធីសាស្ត្រលេងសើច (Prank) ក្នុងការផលិតមាតិកា ដែលបង្កផលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់អ្នកដទៃ ព្រមទាំងបំពានទៅលើប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ដ៏ផូរផង់របស់ជាតិ។ ក្រសួងបានចាត់ទុកថា ការ​បង្កើត​មាតិកា​របៀបនេះ​​ជា​ទង្វើ​ខ្វះក្រមសីលធម៌ និងខ្វះការទទួលខុសត្រូវ ដែលអាចនាំឱ្យមានការយល់ច្រឡំ និងប៉ះពាល់ធ្ងន់ធ្ងរដល់បុគ្គល​និង​សីលធម៌សង្គម។

នៅ​ក្នុង​សេចក្ដីណែនាំ​ក៏​បាន​បញ្ជាក់​ដែរថា៖ “ការផលិតមាតិកាបែបលេងសើច (Prank) ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃ មិនត្រូវបានលើកទឹកចិត្តទេ ហើយអាចប្រឈមនឹង​បណ្តឹងពីអ្នករងគ្រោះ ឬបុគ្គល​ដែល​ទទួល​រងផល​ប៉ះពាល់ផងដែរ” ។ ក្រសួងក៏បានអំពាវនាវដល់សាធារណជន កុំចូលរួមឱ្យចែករំលែកមាតិកាដែលគ្មានក្រមសីលធម៌ បំពានដល់សេចក្តី ថ្លៃថ្នូរ និងកិត្តិយសរបស់អ្នកដទៃ និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងមាតិកាបំពុលសង្គមទាំងអស់គ្នា។ ​

ជាមួយគ្នានេះ ដើម្បីលើកកម្ពស់សីលធម៌សង្គម និងការពារសិទ្ធិបុគ្គលនៅក្នុងយុគសម័យឌីជីថល ក្រសួងបានប្រកាសថានឹងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកផលិតមាតិកាដែលបំពានក្រមសីលធម៌ និងប៉ះពាល់ដល់វប្បធម៌ជាតិ។ ទន្ទឹមនឹងនេះ ក្រសួងបានសរសើរអ្នកផលិតមាតិកាដែលគោរពសីលធម៌ ផ្តល់ព័ត៌មានត្រឹមត្រូវ និងរក្សាសេចក្តីថ្លៃថ្នូររបស់អ្នកដទៃផងដែរ៕

Share.