វ៉ាស៊ីនតោន៖ ជំនួបរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចប់ដោយភាពរង្គោះរង្គី នៅព្រឹកថ្ងៃសុក្រ ទី២៨ខែកុម្ភៈ (ម៉ោងក្នុងស្រុក) បន្ទាប់ពីមេដឹកនាំទាំង២ បានប៉ះសំដីគ្នាក្នុងការពិភាក្សាផ្ទាល់មាត់មួយនៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយពិភពលោកជាច្រើននៅឯការិយាល័យរាងពងក្រពើ ក្នុងសេតវិមានអាមេរិក ជុំវិញសង្រ្គាមជាមួយរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១ ខែមីនា ឆ្នាំ២០២៥។

ក្នុងជំនួបកំពូលដ៏តានតឹងនេះ លោក ហ្សេលេនស្គី បានព្យាយាមពន្យល់បញ្ចុះបញ្ចូលសហរដ្ឋអាមេរិក មិនឱ្យចូលខាងប្រធានាធិបតីរុស្ស៊ី ដែលធ្លាប់បានឈ្លានពានអ៊ុយក្រែនកាលពី ៣ឆ្នាំមុន នៅចំពោះមុខអ្នកសារព័ត៌មានជាច្រើនស្ថាប័ន។

ជំនួសមកវិញ បែរជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងអនុប្រធានាធិបតីអាមេរិក លោក JD Vance ថា លោក ហ្សេលេនស្គី កំពុងយកវេទិកានេះសម្រាប់បកស្រាយរឿងសង្រ្គាមជាមួយរុស្ស៊ី ដោយចាត់ទុកថា ការនិយាយស្ដីរបស់លោក ហ្សេលេនស្គី មិនបង្ហាញការគោរព ដែលធ្វើឱ្យទំនាក់ទំនងជាមួយអាមេរិក ដែលជាម្ចាស់ជំនួយដល់ ទីក្រុងកៀវ ក្នុងសម័យសង្រ្គាមឈានដល់កម្រិតទាបមួយ។

យ៉ាងណាម៉ិញ ទាំងប្រធានាធិបតី និងអនុប្រធានាធិបតីអាមេរិក បានចោទប្រកាន់មេដឹកនាំអ៊ុយក្រែន ថា មិនបានថ្លែងអំណរគុណចំពោះជំនួយដែលអ៊ុយក្រែនទទួលបានពីអាមេរិក។ លោក ត្រាំ បានតំឡើងសំឡេងនិយាយខ្លាំងៗ ខណៈលោក ហ្សេលេនស្គី បានព្យាយាមឆ្លើយតប ដោយលោក ត្រាំ តបថា លោក (ហ្សេលេនស្គី) មិនមានសន្លឹកបៀរទេនៅពេលនេះ, លោកមិនឈ្នះទេ, លោកកំពុងលេងល្បែងជាមួយជីវិតមនុស្សរាប់លាននាក់, លោកកំពុងលេងល្បែងជាមួយសង្រ្គាមលោកលើកទី៣ ដោយលោក ត្រាំ បានបន្ទោសថា អ៊ុយក្រែន ជាប្រទេសនាំបញ្ហាធំ។

ក្នុងកិច្ចពិភាក្សាដ៏តានតឹងរយៈពេល ៤០នាទីនោះ លោក ត្រាំ បាននិយាយថា ប្រសិនបើអ៊ុយក្រែនមិនយល់ព្រមលើកិច្ចព្រមព្រៀងនោះទេ សហរដ្ឋអាមេរិកនឹងដើរចេញពីអ៊ុយក្រែន។ ជាមួយគ្នានោះមន្រ្តីអាមេរិកម្នាក់ក្នុងជំនួបនោះបានលើកឡើងថា មេដឹកនាំអ៊ុយក្រែន ត្រូវបានបញ្ជាឱ្យចាកចេញពីសេតវិមាន។

យ៉ាងណាក្រោយពីកិច្ចពិភាក្សាមិនចូលគ្នា លោក ហ្សេលេនស្គី បានដើរចាកចេញពីការិយាល័យពងក្រពើ របស់សេតវិមាន មុនម៉ោងកំណត់ ដោយមិនបានចូលរួមក្នុងសន្និសីទសារព័ត៌មានរួមគ្នាដែលបានត្រៀមទុកមកពីមុននោះទេ។

គួរបញ្ជាក់ថា គោលបំណងដើមនៃកិច្ចប្រជុំនៅសេតវិមាននាថ្ងៃសុក្រ នេះ គឺផ្ដោតលើកិច្ចព្រមព្រៀងរ៉ែដ៏កម្រ ដើម្បីឱ្យសហរដ្ឋអាមេរិកមានសិទ្ធិធ្វើអាជីវកម្មរ៉ែក្នុងប្រទេសអ៊ុយក្រែន ដោយសង្ឃឹមថា នឹងសម្រេចបានជោគជ័យ ប៉ុន្ដែបែរទៅជាការនិយាយតឹងសរសៃរកដាក់គ្នា និងមិនសម្រេចបានជោគជ័យទៅវិញ។

បន្ទាប់ពីជំនួបនោះ លោក ដូណាល់ ត្រាំ បានសរសេរសារផុសលើបណ្ដាញទំនាក់ទំនងសង្គមថា «កិច្ចព្រមព្រៀងដែលបានស្នើឡើង ត្រូវបានលុបចោល។ ខ្ញុំបានសម្រេចចិត្តថា លោកប្រធានាធិបតីហ្សេលេនស្គី មិនទាន់ត្រៀមខ្លួនជាស្រេចសម្រាប់សន្ដិភាពទេ ប្រសិនបើអាមេរិកនៅចូលរួម ព្រោះលោក ហ្សេលេនស្គី មានអារម្មណ៍ថា ការចូលរួមរបស់យើងផ្ដល់ឱ្យនូវអត្ថប្រយោជន៍ដ៏ធំនៅក្នុងការចរចា។ ខ្ញុំមិនចង់បានអត្ថប្រយោជន៍ ខ្ញុំចង់បានសន្ដិភាព។ លោក ហ្សេលេនស្គី មិនគោរពសហរដ្ឋអាមេរិកនៅក្នុងការិយាល័យរាងពងក្រពើដ៏គួរឱ្យស្រឡាញ់ទេ តែលោក អាចត្រឡប់មកវិញបាននៅពេលដែលលោក ត្រៀមខ្លួនរួចរាល់សម្រាប់សន្ដិភាព»។

ចាប់តាំងពីសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០២២ អ៊ុយក្រែនទទួលបានទឹកប្រាប់រាប់ពាន់លានដុល្លារនៃគ្រឿងសព្វាវុធ និងការគាំទ្រផ្សេងៗពីរដ្ឋបាលអាណត្តិចាស់ លោក ចូ បៃដិន ដើម្បីប្រយុទ្ធជាមួយប្រទេសរុស្ស៊ីជាហូរហែរ ប៉ុន្ដែនៅអាណត្តិថ្មីរបស់លោក ដូណាល់ ត្រាំ វិញ បានទាមទារឱ្យអ៊ុយក្រែនសងមកវិញនូវទំហំទឹកប្រាក់រាប់រយពាន់លានដុល្លារ ជំនួសដោយកិច្ចព្រមព្រៀងរ៉ែ របស់អ៊ុយក្រែន៕

ប្រភព៖ Reuters

Share.