ប៉ោយប៉ែត÷ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១០:០៥នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេស នូវជនជាតិថៃចំនួន១១៩នាក់ ស្រី៥៨នាក់ (បទល្មើសលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែនក្នុងព្រះរាជាណាចក្រកម្ពុជា) ។






យោងតាមបញ្ជាលោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល ០៥ឆ្នាំ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក JARUDA TONPRANG ឋានៈនាយរងផ្នែក នៃប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដើម្បីអនុវត្តនីតិវិធីបន្ត ចប់សព្វគ្រប់នៅវេលាម៉ោង១០:៥០នាទីព្រឹកថ្ងៃដដែល ៕




អត្ថបទ÷ចតុម្មុខ
