ជាតិ៖ មហោស្រពភាពយន្តអឺរ៉ុបលើកទី១៦ ឬ EUFF 2025 បានប្រកាសបញ្ឆេះម៉ាស៊ីនបញ្ចាំងជាផ្លូវការ ក្រោមវត្តមានថ្នាក់ដឹងនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា សហការជាមួយស្ថានទូតបារាំង និងមជ្ឈមណ្ឌលបុប្ផាណា។

យ៉ាងណាមិញ ការរៀបចំមហោស្រពភាពយន្តអឺរ៉ុបនេះ គឺជាការជួយជុំរុញ និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា និងសហគមន៍អឺរ៉ុប ឱ្យកាន់តែស្អិតរមួតថែមទៀត ពិសេសលើវិស័យសិល្បៈ វប្បធម៌ ហើយព្រឹត្តិការណ៍នេះ មិនគ្រាន់តែជាវេទិកាសម្រាប់ផ្សព្វផ្សាយពី ភាពយន្តអឺរ៉ុបប៉ុណ្ណោះទេ តែក៏ជាព្រឹត្តិការណ៍យ៉ាងសំខាន់ដើម្បីរួមចំណែកបង្កើនការយល់ដឹង រវាង ប្រជាជននិង ប្រជាជន និងដើម្បីជួយ ពង្រឹងទំនាក់ទំនងលើវិស័យវប្បធម៌រវាងកម្ពុជា និងសហភាពអឺរ៉ុប ។

មួយវិញទៀត មហោស្រពភាពយន្តអឺរ៉ុបលើកទី១៦ ជាឱកាសដល់ផលិតភាពយន្ត កម្ពុជាបានសហការ ផ្លាស់ប្តូរបទពិសោធន៍និងគំនិតថ្មីៗ ការប្រើប្រាស់បច្ចេកវិជ្ជាទំនើបសម្រាប់អភិវឌ្ឍវិស័យ ភាពយន្តកម្ពុជាព្រមទាំងបង្កើតឱកាសទំនាក់ទំនងដល់ផលិតករកម្ពុជា ក្នុងការនាំយកភាពយន្តកម្ពុជាទៅ អ៊ឺរ៉ុបផងដែរ។ នេះបើតាម ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងនៅថ្ងៃទី ២៨ កុម្ភៈ។



ជាមួយគ្នានេះ មហោស្រពភាពយន្តអឺរ៉ុបនឹងចាក់បញ្ចាំងនៅតាមសាកលវិទ្យាល័យផ្សេងៗក្នុងរាជធានីភ្នំពេញ បាត់ដំបង និងស្វាយរៀង ដើម្បីនាំយកភាពយន្តអឺរ៉ុបជូនដល់យុវជនខ្មែរជំនាន់ក្រោយបានទស្សនា៕

