ភ្នំពេញ ៖ បុរស២នាក់ជួបហេតុការណ៍ ម្នាក់ជាជនបរទេសឡើងទៅអង្គុយលើទូរថភ្លើងកំពុងបើកបរ ទាក់ខ្សែភ្លើងធ្លាក់ រថភ្លើងកិនដាច់ជើងស្តាំ នៅស្រុកសង្កែ ខេត្តបាត់ដំបង កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ ចំណែកបុរសម្នាក់ទៀតឡើងបេះផ្លែស្វាយ របូតដៃធ្លាក់ពីលើចងស្វាយ បណ្តាលឱ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃដដែល នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពពត៌មានទទួលបាន ករណីធ្លាក់ទី១ កើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ មានបុរសជនបរទេសម្នាក់ឡើងទៅអង្គុយលើទូរថភ្លើងដែលកំពុងបើកបរ ស្រាប់តែដល់ចំណុចភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង បានទាក់ខ្សែភ្លើងកាត់ទទឹងផ្លូវ បណ្តាលឱ្យធ្លាក់ រថភ្លើងក៨នដាច់ជើងស្តាំ របួសធ្ងន់ ត្រូវបានសមត្ថកិច្ច អាជ្ញាធរស្រុក ខេត្ត ចាត់ចែងដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។ ចំណែកករណីទី២ កើតឡើងនៅវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃដដែល បុរសម្នាក់ឡើងបេះផ្លែស្វាយនៅជាប់ផ្ទះ នៅក្នុងភូមិទួលសំបូរ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែរបូតដៃធ្លាក់ពីលើចុងស្វាយ បណ្តាលឱ្យរងរបួសធ្ងន់ ។

ជនរងគ្រោះធ្លាក់ពីលើចុងស្វាយ មានឈ្មោះ សឿន ភេទប្រុស អាយុ៣៦ឆ្នាំ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកដង្កោ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ តាមការស្នើសុំពីក្រុមគ្រួសារ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.