តូក្យូ​៖ ក្រុមមន្ត្រីបាននិយាយនាថ្ងៃចន្ទ នេះថា ក្រុមអ្នកពន្លត់អគ្គីភ័យជិត ១,៧០០នាក់កំពុងស្វះស្វែងបាញ់ពន្លត់ភ្លើងឆេះព្រៃដ៏ធំបំផុតរបស់ប្រទេសជប៉ុនក្នុងរយៈពេល ៣ទសវត្សរ៍នេះ ខណៈប្រជាជនប្រហែល ៤,៦០០នាក់នៅតែស្ថិតក្រោមការណែនាំអំពីការជម្លៀសពីផ្ទះសម្បែង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥។

កាលពីសប្ដាហ៍មុន មនុស្សម្នាក់បានស្លាប់ក្នុងគ្រោះអគ្គិភ័យនៅតំបន់ភាគខាងជើងនៃរដ្ឋ Iwate ដែលជាតំបន់មានភ្លៀងធ្លាក់តិចបំផុត និងមានរដូវក្ដៅ ក្ដៅបំផុតក្នុងកំណត់ត្រាទូទាំងប្រទេសជប៉ុនកាលពីឆ្នាំមុន។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គីភ័យ បាននិយាយនាថ្ងៃចន្ទថា ភ្លើងនៅជិតទីក្រុង Ofunato បានឆេះរាលដាលពាសពេញផ្ទៃដីប្រហែល ២,១០០ហិចតា ចាប់តាំងពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន។

ក្រុមអ្នកពន្លត់អគ្គីភ័យមកពីតំបន់ជប៉ុនចំនួន១៤ រួមទាំងអង្គភាពមកពីទីក្រុងតូក្យូ ឥឡូវនេះកំពុងជួយពន្លត់អគ្គិភ័យនេះ ដោយមានឧទ្ធម្ភាគចក្រ ១៦គ្រឿង កំពុងព្យាយាមពន្លត់អណ្តាតភ្លើងដ៏សន្ធោរសន្ធៅនេះ។

ទីភ្នាក់ងារនេះបានឱ្យដឹងថា គិតត្រឹមថ្ងៃអាទិត្យ កន្លងទៅ គេប៉ាន់ប្រមាណថា អគ្គិភ័យនេះបានបង្កការខូចខាតអគារចំនួន៨៤ខ្នង បើទោះបីជាព័ត៌មានលម្អិតនៅមិនទាន់អាចវាយតម្លៃបានក៏ដោយ។

បើតាមមន្ត្រីបានឱ្យដឹងថា មនុស្សប្រហែល ២,០០០នាក់បានចាកចេញពីតំបន់នេះទៅស្នាក់នៅជាមួយមិត្តភក្តិ ឬសាច់ញាតិ ខណៈមនុស្សជាង១,២០០នាក់ត្រូវបានជម្លៀសទៅកាន់ទីជម្រកសុវត្ថិភាព។

សូមជម្រាបថា យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឱ្យដឹងថា ចំនួនភ្លើងឆេះព្រៃនៅក្នុងប្រទេសជប៉ុន បានធ្លាក់ចុះចាប់តាំងពីករណីភ្លើងឆេះព្រៃក្នុងឆ្នាំ១៩៧០៕

ប្រភព៖ CNA

Share.