សេដ្ឋកិច្ចពាណិជ្ជកម្ម៖ ដើម្បីបំពេញផែនការកម្ពុជាក្លាយជា «អធិរាជស្វាយចន្ទី» នៅក្នុងពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការពង្រឹងសក្តានុពលស្វាយចន្ទីកម្ពុជា និងមានការអញ្ជើញចូលរួមពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរនិងអង្គភាពពាក់ព័ន្ធក្រោមឱវាទខេត្តសៀមរាប តំណាងសភាពាណិជ្ជកម្ម ក្រុមហ៊ុន សិប្បកម្ម កសិករ ពាណិជ្ជករ អ្នកនាំចេញ និងអ្នកពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី ជាច្រើនរូប។


សិក្ខាសាលាអមពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨ ធ្វើឡើងនៅថ្ងៃទី ២៨ កុម្ភៈ កន្លងទៅគឺក្នុងគោលបំណង ដើម្បីចូលរួមចំណែកពង្រឹងសមត្ថភាពក្នុងខ្សែច្រវាក់ផលិតកម្ម និងកេរ្ត៍ឈ្មោះស្វាយចន្ទីកម្ពុជាដែលកំពុងល្បីល្បាញ ឱ្យមានការទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ ព្រមទាំងផ្សព្វផ្សាយពីកាលានុវត្តភាពទីផ្សារស្វាយចន្ទីដល់ភាគីពាក់ព័ន្ធ ជាពិសេសអ្នកកែច្នៃ និងអ្នកនាំចេញ។
បន្ថែមពីនេះ សិក្ខាសាលានេះ ក៏ជាវេទិកាសម្រាប់ផ្សព្វផ្សាយការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី និងអនុសាសន៍នានា សំដៅជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនប្រកបដោយភាពប្រកួតប្រជែង និងនិរន្តរភាព។ តាមរយៈសិក្ខាសាលានេះ សិក្ខាកាមអាចទទួលបាននូវព័ត៌មានល្អៗដើម្បីអភិវឌ្ឍន៍ខ្លួន និងសិក្សាពីបទពិសោធន៍ជោគជ័យរបស់ក្រុមហ៊ុននាំចេញ ផងដែរ។
ឯកឧត្តម សំហេង បូរ៉ា បានរំលេចថា៖ សិក្ខាសាលានេះ នឹងក្លាយជាវេទិកាបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានស្អិតរមួតរវាងវិស័យរដ្ឋ និងឯកជន រួមផ្សំជាមួយកិច្ចសម្រួលពាណិជ្ជកម្ម វេទិកាផ្គូរផ្គង និងការផ្សព្វផ្សាយតាមរយៈព្រឹត្តិការណ៍នានា នឹងជំរុញឱ្យវិស័យស្វាយចន្ទីកម្ពុជា កាន់តែមានកេរ្តិ៍ឈ្មោះ និងសក្តានុពលខ្លាំងក្លាបន្ថែមទៀត។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថា កត្តាទាំងនេះ នឹងចូលរួមជាកម្លាំងចលករ យ៉ាងសំខាន់ក្នុងការឈានឆ្ពោះទៅសម្រេចគោលដៅ ប្រែក្លាយប្រទេសកម្ពុជាទៅជាអ្នកផលិត និងអ្នកនាំចេញស្វាយចន្ទីធំមួយដែលមានស្ថេរភាព និងគួរឱ្យទុកចិត្តបានរបស់ពិភពលោកនៅពេលអនាគត។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវទស្សនវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក និងជា អធិរាជស្វាយចន្ទី នាពេលអនាគត។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ចេញនូវ «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧»។ ដើម្បីសម្រេចបាននូវការងារនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងចងក្រងបង្កើតសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ នៅខេត្តកំពង់ធំ។
ការចងក្រងសហគមន៍កសិកម្មទំនើបស្វាយចន្ទី នឹងផ្សារភ្ជាប់សហគមន៍ទៅកាន់ទីផ្សារដោយផ្ទាល់តាមរយៈការសម្របសម្រួលពីក្រសួង។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួងនឹងជួយគាំទ្រផ្នែកទុន និងបច្ចេកទេស ដើម្បីធានាថា សហគមន៍អាចដំណើរការបានដោយរលូន និងទទួលបានតម្លៃបន្ថែម ព្រមទាំងផលចំណេញខ្ពស់។
គួររំលឹកដែរថា គិតត្រឹមឆ្នាំ២០២៤ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា។ នៅក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់គ្រាប់ស្វាយចន្ទីឆៅបានជាង ៨៣ម៉ឺនតោន កើនឡើង ៣៦,៧% ដែលធ្វើឱ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេលើពិភពលោក៕

