នៅក្នុងមហាសន្និបាតលើកទី១៩ ឆ្នាំ២០២៥ បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអនុម័តទៅលើការសាងសង់ “កីឡដ្ឋានគោកធ្លក” និងទីស្នាក់ការកណ្ដាលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

កាលពីខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីជំនួបរវាងឯកឧត្តមអនុប្រធាន ស.ប.ក និងប្រធាន FIFA នៅទីក្រុងប៉ារីស ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចុះកិច្ចព្រមព្រៀង និងអនុម័តកញ្ចប់ថវិកានៃគម្រោងសាងសង់កីឡដ្ឋានគោកធ្លក និងទីស្នាក់ការកណ្ដាលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា​ ដែលនឹងត្រូវចំណាយក្នុងទំហំទឹកប្រាក់សរុប ៤,៤០០,០០០ ដុល្លារ ដោយប្រើប្រាស់ថវិកា Goal Project និង FIFA Forward 2.0 នៅសល់ និងបូករួមទាំង FIFA Forward 3.0។

កីឡដ្ឋាននេះនឹងត្រូវបានសាងសង់នៅលើដីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាផ្ទាល់ នៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដែលនិងអាចផ្ទុកចំនួនអ្នកទស្សនាដល់ទៅ ១២,០០០នាក់ ដោយដំណាក់កាលសាងសង់ដំបូងផ្ទុកបានចំនួន ៤,២០០នាក់។

យោងតាមកាលវិភាគគម្រោង បន្ទាប់ពីទទួលបានលិខិតអនុញ្ញាតសាងសង់ និងឯកសារពាក់ព័ន្ធដទៃទៀត កីឡដ្ឋានគោកធ្លក និងទីស្នាក់ការកណ្តាលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងត្រូវគ្រោងរៀបចំសម្ពោធ បើកការដ្ឋាន និងចាប់ផ្តើមដំណើរការសាងសង់ក្នុងឆ្នាំ២០២៥ និងបញ្ចប់នៅចុងឆ្នាំ២០២៦៕

ទស្សនាវីដេអូប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថ្លែងជុំវិញការសាងសង់ “កីឡដ្ឋានគោកធ្លក”៖

Share.