ភ្នំពេញ ៖ រថយន្តកាមរីឆ្លាមមួយគ្រឿងបើកបរដោយបុរសម្នាក់ រួមដំណើរជាលក្ខណៈគ្រួសារ ក៏ប៉ុន្តែអ្នកបើកបរប្រើប្រាស់ជាតិស្រវឹង បានព្យាយាមបើករត់គេចពីគោលដៅត្រួតពិនិត្យជាតិស្រវឹង របស់កម្លាំងនគរបាលខណ្ឌបឹងកេងកង ត្រង់ចំណុខមុខសាលាវ៉ាន់ដា ផ្លូវម៉ៅសេទុង កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ទោះជាកម្លាំងឃាត់ដើម្បីឱ្យអ្នកបើកបរសហការពិនិត្យជាតិអាល់កុលយ៉ាងណាក្តី បែជាបើករត់គេចរហូតដល់ស្តុបបូកគោ ផ្លូវព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ទើបកម្លាំងតាមឃាត់បាន នាំយករថយន្តទៅរក្សាទុកនៅអធិការដ្ឋានជាបណ្តោះអាសន្ន។

រថយន្តមួយគ្រឿងខាងលើម៉ាកកាមរីឆ្លាម ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 2A-0799 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយ ជាលក្ខណៈគ្រួសារ មានប្រុសស្រី ចាស់ក្មេង។

បើតាមលោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការខណ្ឌបឹងកេងកង បានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ឱ្យដឹងថា រថយន្តមួយគ្រឿងខាងលើ អ្នកបើកបរប្រើប្រាស់ជាតិស្រវឹង លុះធ្វើដំណើរឆ្លងកាត់គោលដៅត្រួតពិនិត្យជាតិស្រវឹងរបស់កម្លាំងនគរបាលខណ្ឌបឹងកេងកង ត្រង់ចំណុចមុខសាលាវ៉ាន់ដា ផ្លូវម៉ៅសេទុង ក៏ប៉ុន្តែអ្នកបើកបរមិនព្រលមសហការ បែជាព្យាយាមបើករត់គេចរហូតដល់ស្តុបបូកគោ ផ្លូវព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ទើបកម្លាំងដេញតាមឃាត់បាន ស្នើសុំឱ្យអ្នកបើកបរសហការ ស្រាប់តែមានស្រ្តីម្នាក់ជាសាច់ញាតិរួមដំណើរជាមួយនោះ ផ្ទុះកំហឹងប្រើប្រាស់សម្តីមិនសមរម្យមកលើកងកម្លាំង តែទោះជាយ៉ាងណាក្តី នគរបាលអនុវត្តន៍ទៅតាមគោលការណ៍ច្បាប់ បានឃាត់នាំយករថយន្ត អ្នកបើកបរទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌបឹងកេងកងជាបណ្តោះអាសន្ន ។

លោកអធិការបញ្ជាក់ផងដែរ ចំពោះអ្នកបើកបររថយន្តខាងលើ គាត់មានជាតិស្រវឹងហើយ និងស្ត្រីម្នាក់ នគរបាលក៏មិនឃាត់ខ្លួនអ្វីដែរ បន្ទាប់ពីសាច់ញាតិ ក្រុមគ្រួសារទៅធានាយកទៅផ្ទះសិន ទុកតែរថយន្ត រងចាំនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥នេះ អញ្ជើញអ្នកបើកបរ ចូលខ្លួនដោះស្រាយ ពិន័យអន្តការណ៍ នៃច្បាប់ចរាចរណ៍ផ្លូវគោក ចំណែកស្ត្រីម្នាក់ជាសាច់ញាតិដែលប្រើប្រាស់សម្តីមិនសមរម្យមកលើកងកម្លាំងនោះ ក៏ត្រូវអញ្ជើញចូលខ្លួន ធ្វើការសូមទោស កិច្ចសន្យា ជាការស្រេច ។

អត្ថបទ៖ តាតុងសែនជ័យ

Share.