វ៉ាស៊ីនតោន៖ មន្ត្រីសេតវិមាន បាននិយាយកាលពីថ្ងៃចន្ទ ថា សហរដ្ឋអាមេរិកបានផ្អាករាល់ការផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប៉ះទង្គិចជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅក្នុងការិយាល័យរាងពងក្រពើ នៃសេតវិមាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥។

មន្ត្រីរូបនេះបាននិយាយថា សហរដ្ឋអាមេរិកកំពុងផ្អាក និងពិនិត្យមើលជំនួយរបស់ខ្លួនឡើងវិញ ដើម្បីធានាថា ខ្លួនកំពុងរួមចំណែកដល់ការរកដំណោះស្រាយ ឆ្ពោះទៅរកសន្ដិភាព។

មន្រ្តីដដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «លោកប្រធានាធិបតី បានបញ្ជាក់យ៉ាងច្បាស់ណាស់ថា លោកផ្តោតលើសន្តិភាព។ យើងត្រូវការដៃគូរបស់យើង ដើម្បីប្តេជ្ញាចិត្តចំពោះគោលដៅរួមនេះផងដែរ»។

ទាក់ទិននឹងបញ្ហានេះ ការិយាល័យរបស់មេដឹកនាំអ៊ុយក្រែន មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការធ្វើអត្ថាធិប្បាយពីទីភ្នាក់ងារព័ត៌មាន Reuters នោះទេ ដោយសារតែនៅក្រៅម៉ោងធ្វើការ។

យ៉ាងណាម៉ិញ បើរបាយការណ៍ដែលចេញផ្សាយដោយ Bloomberg និង Fox News បានឱ្យដឹងថា ការផ្អាកជំនួយនេះនឹងមានរយៈពេលរហូតដល់ពេលលោក ត្រាំ យល់ថា មេដឹកនាំរបស់អ៊ុយក្រែន បង្ហាញពីការប្តេជ្ញាចិត្តប្រកបដោយភាពស្មោះត្រង់ចំពោះសន្តិភាព។

សារព័ត៌មាន Fox News បានដកស្រង់សម្តីមន្ត្រីរដ្ឋបាលរបស់លោក Trump ថា «នេះមិនមែនជាការបញ្ចប់ជំនួយជាអចិន្ត្រៃយ៍ទេ វាគ្រាន់តែជាការផ្អាកបណ្ដោះអាសន្នប៉ុណ្ណោះ»។

ដោយឡែកទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា សព្វាវុធយោធារបស់សហរដ្ឋអាមេរិក ដែលបច្ចុប្បន្នមិនទាន់ទៅដល់ប្រទេសអ៊ុយក្រែន រួមទាំងសព្វាវុធដែលកំពុងធ្វើដំណើរលើយន្តហោះ និងកប៉ាល់ ឬកំពុងរង់ចាំនៅក្នុងប្រទេសប៉ូឡូញ ក៏ត្រូវផ្អាកផងដែរ។

សូមជម្រាបថា ចំណាត់ការនេះកើតឡើងបន្ទាប់ពីលោក ត្រាំ ផ្លាស់ប្ដូរគោលនយោបាយរបស់សហរដ្ឋអាមេរិកស្ដីពីអ៊ុយក្រែន និងរុស្ស៊ី នៅពេលចូលកាន់តំណែងក្នុងខែមករា កន្លងទៅ ដោយប្រកាន់យកជំហរផ្សះផ្សារបន្ថែមទៀតជាមួយទីក្រុងមូស្គូ និងបន្ទាប់ពីការប៉ះសម្ដីដាក់គ្នាខ្លាំងៗ ជាមួយ លោក ហ្សេលេនស្គី នៅសេតវិមានកាលពីថ្ងៃសុក្រ សប្ដាហ៍មុន ដោយលោក ត្រាំ បានរិះគន់មេដឹកនាំអ៊ុយក្រែន ថា មិនបានបង្ហាញការដឹងគុណគ្រប់គ្រាន់ចំពោះការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងសង្រ្គាមជាមួយរុស្ស៉ីរយៈពេល ៣ឆ្នាំមកនេះ៕

ប្រភព៖ CNA

Share.