សិល្បៈជាតិ៖ ម៉ូដែល មុនីរស្មី ដែលពេលថ្មីៗនេះបានក្លាយជានារីគ្រោះ ព្រោះពាក្យសម្ដីនិយាយបៀតបៀនកេរភេទជាសាធារណៈ បន្ទាប់ពីពិធីករកីឡា MC Vuththa លែបខាយមិនឱ្យតម្លៃជាស្ត្រីនោះ កញ្ញាបានចាត់ទុកពាក្យសុំទោសរបស់បុគ្គលមួយនេះ ជាឥរិយាបថមិនចេញពីចិត្ត និងមិនគួរឱ្យលើកលែងចំពោះទង្វើមិនសរម្យដែលធ្វើឱ្យប៉ះពាល់តម្លៃស្ត្រីខ្មែរបែបនេះ។

កញ្ញា មុនីរស្មី អះអាងថា នេះជាលើកដំបូងហើយដែលកញ្ញាចេញមកបង្ហោះសំណេរមួយនេះ ក្រោយកើតហេតុ ដោយកញ្ញាលើកឡើងថា ៖ «នាងខ្ញុំមកទីនេះ ដេីម្បីអរគុណពុកម៉ែបងប្អូន មិត្តរួមការងារ មហាជន ទាំងអស់ដែលបានបញ្ចេញមតិ និងបង្ហាញនូវក្តីស្រលាញ់មកចំពោះនាងខ្ញុំ។ ក្តីស្រលាញ់រាប់អាន ការផ្ញេីសារលេីកទឹកចិត្តរបស់បងប្អូន បានជួយសម្រាលការខូចចិត្ត និងសេចក្តីខ្មាសអៀនរបស់ខ្ញុំច្រេីន នាងខ្ញុំពិតជាអរគុណនូវទឹកចិត្តដែលមិនអាចកាត់ថ្លៃបាន។ ការនិយាយបៀតបៀនជាសាធារណៈ និងការសុំទោសតាមវីដេអូ មករូបនាងខ្ញុំ ដែលមាននូវអត្ថន័យ ទទួលកំហុសរបស់ពិធីករដែលខ្ញុំមិនសូវស្គាល់ដែរនោះ នៅមានលក្ខណៈមិនពេញលេញ នៅចំនុចខ្លះ។»

កញ្ញាបន្តថា «មិនសំពះសុំទោស ឥរិយាបថមិនចេញពីចិត្ត (អាចប្រហែលគាត់គិតថា ខ្ញុំដូចជាឈ្មោះ រស្មី ហ្នឹង មានអាយុ តិចជាង) តែកន្លែងគាត់គួរច្បាស់ជាងនេះ គឺ ខ្ញុំ និងគាត់ ខ្មែរដូចគ្នា ហេីយគាត់បាននិយាយបៀតបៀនខ្ញុំជាស្រី។ ខ្លឹមសារនៅក្នុងវីដេអូ គឺខុសពី admin ដែលផុស ច្រេីនជាងការនិយាយបៀតបៀន មានន័យថា គាត់ នៅចាត់ទុកថា វាគឺជាការនិយាយលេងសេីចដដែល។ មិនបានបញ្ជាក់ថា ឈប់ពោលពាក្យបៀតបៀនមនុស្សស្រី ស្ត្រី និងក្មេងស្រី មិនបញ្ជាក់ថា ខ្លួនមិនត្រូវនិយាយបៀតបៀនចំពោះបុគ្គលណាក៏ដោយ (មិនមែនត្រឹមខ្ញុំមនុស្សគាត់មិនស្គាល់ទេ គឺ ក្មេងចាស់ប្រុសស្រី ភេទណាក៏ដោយ សុទ្ធតែមិនត្រូវ មិនស័ក្កិសមឱ្យមានការបៀតបៀន តាមគ្រប់រូបភាព)។»

កញ្ញាបន្តលើកឡើងថា «នៅមានចំនុចផ្សេងទៀត តែមិនដឹងនិយាយពីណាទៅណាឲ្យសម ព្រោះមិនចង់រំលឹកនូវពាក្យដែលនាងខ្ញុំទទួលបានពីគាត់ និងមជ្ឈដ្ឋានរបស់គាត់ឡេីងវិញ។ នាងខ្ញុំបានតាំងចិត្តមកសរសេរនៅទីនេះដំបូង និងតែម្តងគត់ សម្រាប់រឿងរ៉ាវដែលបានកេីតឡេីងនេះ ព្រោះមិនចង់និយាយច្រេីន គិតច្រេីន តែក៏មានចិត្តមួយទៀតថា ខ្ញុំក៏មិនត្រូវអនុញ្ញាតឲ្យសកម្មភាពបែបនេះកេីតឡេីងទៀតចំពោះនាងខ្ញុំ ឬបុគ្គលណាម្នាក់បន្តទៀតឡេីយ។»

កញ្ញា មុនីរស្មី និយាយថា «តេីនាងខ្ញុំគួរធ្វេីបែបណា? តេីវីដេអូសុំទោសរបស់គាត់មួយនោះ គ្រប់គ្រាន់ឱ្យនាងខ្ញុំលេីកលែងឱ្យគាត់ទេ? តេីស្ត្រី និងក្មេងស្រីដែលជួបបញ្ហា ដូចឬស្រដៀងនឹងនាងខ្ញុំ គួរធ្វេីបែបណា រកអ្នកណា ដែលអាចជួយគាំទ្រ និងដោះស្រាយឱ្យនាពេលដែលអាចកេីតឡេីងលេីកក្រោយទៀត? តេីអ្នកដែលមានម្តាយ ប្រពន្ធ បងប្អូនស្រី មិត្តស្រី ក៏នៅតែអាចមិនយល់ពីការផ្តល់តម្លៃស្ត្រីមែនទេ? តេីស័ក្កិសមទេ ដែលមនុស្សស្រី ត្រូវបានកំណត់ដោយទស្សនៈផ្សេងៗ ថាខ្សោយ ឬថា ជាទេសភាពសម្រាប់ទស្សនា ដូចដែលពាក្យពិធីករថា បាន​ឃេីញ​ហេីយ (ក្តក់មាត់) មនុស្សប្រុសយេីងអាយុវែងនោះ? មតិយោបល់ និងដំបូន្មានរបស់បងប្អូន ពិតជាមានន័យណាស់សម្រាប់នាងខ្ញុំ ជាពិសេស ស្ត្រី និងក្មេងស្រី គ្រប់រូប»។

សំណេរខាងលើនេះ កញ្ញាបានបង្ហោះឡើងនៅយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ បានធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមភាគច្រើនទទូចឱ្យកញ្ញាចាត់វិធានការផ្លូវច្បាប់ចំពោះករណីនេះ និងបានប្រាប់ឱ្យកញ្ញាគួរ​តែ​រក​ស្ថាប័ន​ពាក់ព័ន្ធផ្លូវច្បាប់ស្ត្រីដើម្បីជួយអន្តរាគមន៍ផងដែរ។

គួររំលឹកដែរថា ពិធីករកីឡាឈ្មោះ Mc Vutha បានប្រើពាក្យសម្ដីមិនសមរម្យចំពោះនារីជា Model លើកស្លាកម្នាក់ក្នុងកម្មវិធីកីឡាមួយនោះគឺកញ្ញា មុនីរស្មី ដែលពាក្យសម្ដីលេបខាយទាំងអស់នោះ បានទាក់ទាញ និងបៀត​បៀន​កេរ្តិ៍ភេទជាសាធារណៈ។ ហើយករណីនេះដែរ ទោះសាមីខ្លួនជាពិធីករកីឡាបានចេញមុខសុំទោសក្ដី ប៉ុន្តែអ្នកលេងបណ្ដាញសង្គមនៅតែបន្តវែកញែក និងលើកឡើងជាមតិភាគច្រើនថា ពួកគេពេញចិត្តចំពោះពាក្យសុំទោសរបស់លោកឡើយ ដោយមើលទៅលោកពុំទាន់បានទទួលកំហុសនូវពាក្យសម្ដីដែលលោកបាននិយាយទៅកាន់ម៉ូដែល មុនីរស្មី នោះនៅឡើយ ពោលគឺគ្រាន់តែសុំទោសត្រឹមតែការកាត់តវីដេអូបង្ហោះដោយមិនមានការអនុញ្ញាតប៉ុណ្ណោះ៕

Share.