ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវ ជ្រាវចារកិច្ចក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតី ក្នុងពិធីបុណ្យបញ្ចុះខណ្ឌ សីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តប្រាសាទមានជ័យ ស្ថិតនៅភូមិបទស្លាស្នាប ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក បានមានប្រសាសន៍ថា ៖ វត្តប្រាសាទមានជ័យនេះ មានប្រវត្តិសាស្រ្តយូរលង់ណាស់មកហើយ ចាប់តាំងពីឆ្នាំ១៩៥៥ ក្នុងរបបខ្មែរក្រហម វត្តនេះត្រូវបានគេប្រែក្លាយជាឃ្លាំងស្តុកជី ហើយព្រះវិហារ ត្រូវបានរុះរើធ្វើជាសរសរស្ពាន និងទំនប់ស្ទឹងជាដើម។ ស្របពេលប្រទេសយើងស្ថិតក្នុងសង្គ្រាម គ្មានសុខសន្តិភាព និងស្ថិរភាពនយោបាយ ប្រទេសយើងទទួលរងនូវការបំផ្លិចបំផ្លាញ សិទ្ធិសេរីភាព និងជំនឿសាសនា ត្រូវបានបាត់បង់ទាំងស្រុង ហើយគ្មានការអភិវឌ្ឍវិស័យពុទ្ធចក្រ និងអាណាចក្រនោះទេ ។

ឯកឧត្តមបន្តថា ៖ ក្រោមការតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា យើងបានរំដោះកម្ពុជាចេញពីរបបខ្មៅងងឹត ហើយស្វែងរកសន្តិភាពពេញលេញជូនជាតិ វត្តអារាម ត្រូវបានរៀបចំឡើងវិញនិងបន្តអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន។ ម្យ៉ាងទៀត កត្តាសុខសន្តិភាពនិងស្ថិរភាពសង្គម គឺជាកត្តាស្លាប់រស់របស់ជាតិ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ។
ឯកឧត្តម បានបញ្ជាក់ថា ទោះបីក្រុមជ្រុលនិយមមួយចំនួនតូច តែងតែលាបពណ៌ ភូតកុហុក និងបំប៉ោងព័ត៌មានជាដើមក៏ដោយ រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្តបេ្តជ្ញាអនុវត្តគោលការណ៍ និងមាគ៌ាគណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាការពារសុខសន្តិភាព និងស្ថិរភាពសង្គម រួមសុខរួមទុក្ខជាមួយប្រជាជន និងលើកស្ទួយជីវភាពប្រជាជនឱ្យរីកចម្រើនទៅមុខ ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានបរិច្ចាកថវិកា ចូលរួមកសាងសមិទ្ធផលនានាក្នុងវត្តអារាមនេះជាបន្តបន្ទាប់ និងសូមអរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាការពារចូលរួមយ៉ាងសកម្ម ក្នុងចលនាភូមិ/ឃុំមានសុវត្ថិភាព ធានាសុខសុវត្ថិភាពជូនប្រជាជនផងដែរ ។

បើតាមរបាយការណ៍របស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ វត្តប្រាសាទមានជ័យ មានទីតាំងនៅភូមិបទស្លាស្នាប ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបាននឹងកំពុងប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនាថ្ងៃនេះ គឺបង្កើតឡើងកាលពីឆ្នាំ១៩៥៥ មានអាយុកាល ៧០ឆ្នាំ និងមានព្រះគ្រូចៅអធិការវត្ត ចំនួន១៤អង្គ ដែលមានព្រះគ្រូចៅអធិការវត្តដំបូងបង្អស់ ព្រះនាម ឥ សុខ ដែលបានដឹកនាំកសាងវត្តនេះឡើង ដោយមានការចូលរួមជ្រោមជ្រែងឧបត្ថម្ភពីពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងសប្បុរសជនជិតឆ្ងាយផងដែរ ។

ដោយឡែក ចំពោះសមិទ្ធផល ដែលត្រូវសម្ពោធឆ្លងដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការក្នុងវត្តប្រាសាទមានជ័យនាពេលនេះ រួមមាន៖ ព្រះវិហារថ្មី កុដិឈើ១ខ្នង ចេតិយ១ រោងអ្នកតាក្រញូង និងចាក់ដីចំនួន១.១០០ឡាន ដោយចំណាយទឹកប្រាក់សរុបចំនួន២៦៩.៧៧០ដុល្លារអាមេរិក ៕
អត្ថបទ៖ អាចារ្យលាក់

