សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនយកការវិភាគបែបស៉ីអារម្មណ៍ មកធ្វើជាមូលដ្ឋានក្នុងការតាក់តែងគោលនយោបាយឡើយ។សម្តេចបញ្ជាក់ថា ការបង្កើតគោលនយោបាយនីមួយៗ គឺសុទ្ធតែដកស្រង់មតិពីគ្រប់ភាគី ផ្អែកលើស្ថានភាពសង្គមជាក់ស្ដែង ហើយនៅពេលអនុវត្ត គឺមានការតាមដាន កែសម្រួល និងពង្រឹងបន្ថែម។

សម្តេចបានបញ្ជាក់យ៉ាងដូច្នេះ ក្នុងឱកាសដែលសម្ដេច អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរជាតិ» នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ដែលរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)។

សម្ដេចធិបតីបានបញ្ជាក់ថា « កុំយកការវិភាគបែបស៉ីអារម្មណ៍យកមកធ្វើជាមូលដ្ឋានដាក់ចេញជាគោលនយោបាយ។ ឯការប្រមូលទិន្ន័យក៏មិនមែនយកទិន្នន័យពី Google ទាំងស្រុងនោះឡើយ។ ប្រាកដណាស់ គឺយកតែទិន្នន័យផ្លូវការ ដើម្បីជាជំនួយស្មារតីក្នុងការធ្វើគោលនយោបាយ»។

សម្តេច រាជរដ្ឋាភិបាលនឹងរង់ចាំមើលពីលទ្ធផលនៃសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥  ដើម្បីយកទៅពិនិត្យមើល សំយោគមតិទូទៅរបស់អ្នកជំនាញទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយផ្ទៀងផ្ទាត់ជាមួយដំណើរការគោលនយោបាយរបស់យើង ថាតើដំណើរការដល់ណា? មានបញ្ហាអ្វី? លើវិស័យណាខ្លះ? ហើយយើងត្រូវកែសម្រួល ឬពង្រឹងយ៉ាងណាខ្លះទៀត?

សម្ដេចបវរធិបតីបានបន្តទៀតថា រាជរដ្ឋាភិបាលត្រូវការអ្នកដែលដឹងរឿងពីវិស័យនានាម្នាក់មួយជ្រុងៗ រួចយកមកផ្គុំគ្នា សំយោគចេញជាគោលនយោបាយរួម។ គ្មានអ្វីល្អឥតខ្ចោះនោះទេ ប៉ុន្តែល្អក្នុងកម្រិតមួយដែលយើងអាចដោះស្រាយបញ្ហាបាន។ នេះហើយជាអ្វីដែលរាជរដ្ឋាភិបាលធ្វើការ មិនមែនធ្វើតែមនុស្សម្នាក់នៅតែក្នុងបន្ទប់នោះទេ។

សម្ដេចបានបញ្ជាក់ទៀតថា គោលនយោបាយមួយ ទោះបីធ្វើរួចហើយ ដាក់ចេញឱ្យអនុវត្តហើយ តែវាក៏នៅតែប្រែប្រួលរហូតទៅតាមស្ថានភាពសេដ្ឋកិច្ច៕

Share.