សង្គម៖ នៅ​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៥ នេះ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌​មាន​ ឯកឧត្តម នេត្រ ភក្ត្រា បាន​ដឹកនាំ​ ក្រុមការងារនៃក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ​ប្រជុំពិនិត្យលើក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់ពាក្យសម្តីលេបខាយ បៀតបៀនលើស្ត្រីភេទរបស់​ពិធីករ​ប្រដាល់​ ជួប​ វុត្ថា។

កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​ បន្ទាប់ពី​មាន​ករណីចម្រូងចម្រាស​កើតចេញ​ពី​ការ​ប្រើ​សម្ដីលេងសើច​លេបខាយ​របស់​ ពិធីករ​ប្រដាល់ ​ចំពោះ​នារីម៉ូដែល​ លើកស្លាក​ទឹក​ប្រដាល់​គុន​ខ្មែរឈ្មោះ​ ឆឹង ច័ន្ទមុនីរស្មី​ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្អូន ហើយ​ត្រូវ​បាន​បង្ហោះ​ចែក​ចាយ​នៅ​លើបណ្ដាញ​ទំនាក់ទំនងសង្គមកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ។

បន្ទាប់​ពី​ចប់​កិច្ច​ប្រជុំ​ ពិធីករឈ្មោះ ជួប វុត្ថា ហៅ MC Vutha បង្ហាញការសោកស្តាយនិងសូមអភ័យទោសជាសាធារណៈចំពោះប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី និងស្ត្រីគ្រប់រូបព្រមទាំងសាធារណជនចំពោះកំហុសឆ្គងដោយខ្វះការពិចារណាទៅកាន់ស្ត្រី ដែលធ្វើឱ្យប៉ះពាល់កិត្តិយសស្ត្រី។ ជាមួយ​គ្នា​នោះ​ដែរ ពិធីករ​ខាង​លើ​ បាន​សរសេរ​លិខិតសូមទោសជាសាធារណៈ​ និង​ផ្ដិតមេដៃ​បញ្ជាក់​ដើម្បី​បង្ហាញ​ពី​ការ​ដឹង​កំហុស​របស់​ខ្លួនផង​ដែរ។

Share.