ស្ត្រី និងសេដ្ឋកិច្ច៖ នាពេលថ្មីនេះ លោកជំទាវ ពេជ ចន្ទមុន្នី ក៏បានចូលរួមផ្ញើសារអបអរសាទរជាមួយស្ត្រីនៅទូទាំងប្រទេសកម្ពុជា និងពិភពលោក ក្នុងឱកាសខួបលើកទី ១១៤ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ ២០២៥ ក្រោមប្រធានបទ «សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ។

នៅក្នុងខ្លឹមសារអបអរនោះ ភរិយានាកយករដ្ឋមន្ត្រីនៃកម្ពុជារូបនេះ បានលើកឡើងថា ដើម្បីរួមគ្នាបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ការលើកកម្ពស់សិទ្ធិ សមភាព និងភាពអង់អាចដល់ស្ត្រី និងក្មេងស្រី មិនត្រឹមតែជាកិច្ចការអាទិភាព ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែ​ជាភាពចាំបាច់ ជាកាលានុវត្តភាព និងជាកាតាលីករថ្មីមួយរួមចំណែកពន្លឿនការសម្រេចបាននូវសមភាពយេនឌ័រ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព និងបរិយាបន្ន។

ស្ត្រីទី១របស់កម្ពុជាបានបន្តថា ជាងនេះទៅទៀតការផ្ដល់សិទ្ធអំណាចដល់ស្ត្រីគឺមិនត្រឹមតែបង្កើនភាពជោគជ័យសម្រាប់​ស្ត្រីខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជំរុញដល់វឌ្ឍនភាពនិងវិបុលភាពនៃសង្គមនិងប្រទេសជាតិទាំងមូល។ ស្ត្រី និងក្មេងស្រី គឺជាភ្នាក់ងារនៃការផ្លាស់ប្តូរ ប្រកបដោយនវានុវត្តន៍ និងជាសមភាគដ៏ សំខាន់មិនអាចខ្វះបាន ក្នុងការជំរុញ និងពន្លឿនកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ។

លោកជំទាវ ពេជ ចន្ទមុន្នី គូសបញ្ជាក់ថា យើងទាំងអស់គ្នា ត្រូវទទួលស្គាល់ គាំទ្រ និងផ្តល់តម្លៃ ព្រមទាំង​បង្កបរិយាកាសឱ្យស្ត្រី បានចូលរួម​ពេញលេញ និងទទួលភាគផល លើគ្រប់វិស័យ ដើម្បីឆ្ពោះទៅពង្រឹង ភាពជាពលរដ្ឋនៅក្នុងសង្គម ដែលមានអរិយធម៌ ប្រកបដោយសីលធម៌ សមធម៌ និង​បរិយាបន្ន ដែលក្នុងនោះស្ត្រី គឺជាស្នូលផងដែរ៕

Share.