សេដ្ឋកិច្ចជាតិ៖ បើតាមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី ៤ មីនា ២០២៥ នេះ បានបញ្ជាក់ពីវឌ្ឍនភាពនៃជើងយន្តហោះអន្តរជាតិនៅកម្ពុជា និងកិច្ចសហការជំរុញបើកចំហមេឃកម្ពុជា ដែលនាំមកនូវការទទួលភ្ញៀវជាតិ អន្តរជាតិ និងអ្នកធុរកិច្ចកាន់តែច្រើនឡើង។

ការដឹកជញ្ជូនតាមផ្លូវអាកាស ត្រូវបានចាត់ទុកថា ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់ នៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តាមរយៈការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញក្នុងរយៈ​ពេលខ្លីនិងសុវត្ថិភាពខ្ពស់ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការលើកកម្ពស់ទំនាក់ទំនងសង្គម និងបានចូលរួមចំណែកបង្កើនចំណូលថវិកាជាតិ។ យុទ្ធសាស្ត្រនេះបានសម្រេច​ផ្លែ​ផ្កា​ធំៗ​ ២​ ចំណុច​លើ​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​ដូចជា៖

លទ្ធផលផ្លែផ្កាសម្រេចបាន៖

1-ក្រុមហ៊ុន Turkish Airlines នឹងបើកការហោះហើរពីទីក្រុងអ៊ីស្តង់ប៊ូលទៅភ្នំពេញនៅចុងឆ្នាំ ២០២៥។
2-ក្រុមហ៊ុន Emirates Airlines នឹងពង្រីកជើងហោះហើរពីទីក្រុងឌូបៃទៅខេត្តសៀមរាបនៅពាក់កណ្តាលឆ្នាំ ២០២៥។

សេចក្តីប្រកាសលទ្ធផលឆ្នាំ ២០២៤៖
-អ្នកដំណើរ ៦.២៤ លាននាក់ (កំណើន ២២%)។
-ជើងហោះហើរ ៥៨,៣៥៤ ជើង (កំណើន ១៤%)។
-ទំនិញតាមអាកាស ៧៧,៨៥២ តោន (កំណើន ៤០%)។

បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ (មុនកូវីដ-១៩)៖
-កម្ពុជាបានសម្រេចបាន ៥៧% នៃការដឹកជញ្ជូនអ្នកដំណើរ (២០១៩៖ ១១,០២៥លាននាក់, ២០២៤៖ ៦,២៤ លាននាក់)។

តភ្ជាប់ទៅអន្តរជាតិនៅឆ្នាំ ២០២៤៖
-អាកាសយានដ្ឋានទាំងបី (ភ្នំពេញ សៀមរាប ព្រះសីហនុ) បានតភ្ជាប់ទៅកាន់ ១២ ប្រទេស និង ៣៤ ទីក្រុងទូទាំងពិភពលោក។
-បន្ថែមជើងហោះហើរពិសេសរវាងភ្នំពេញនិងញូវដែលី (ឥណ្ឌា) រួមទាំងការហោះហើរឡើងវិញរបស់ Emirates និង Qatar Airways។

ទស្សនវិស័យឆ្នាំ ២០២៥៖
-កម្ពុជារំពឹងនឹងទទួលជើងហោះហើរពីក្រុមហ៊ុនអាកាសចរណ៍ថ្មីដូចជា Indigo Airlines (ឥណ្ឌា), Etihad Airways (អេមីរ៉េតអារ៉ាប់រួម) និង Turkish Airlines (តួកគី)។
-កម្ពុជារំពឹងទុកថា នឹងមានកំណើនជើងហោះហើរទ្វេទិសដល់ ១,៣២៤ ជើងក្នុងមួយសប្តាហ៍ (+៦០ ជើង)។

គោលដៅសំខាន់របស់រាជរដ្ឋាភិបាល៖
-ជំរុញការអនុវត្ត “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតលើការធ្វើពិពិធកម្មសេដ្ឋកិច្ច ការតភ្ជាប់ដឹកជញ្ជូន និងការលើកកម្ពស់ឡូជីស្ទីក និងឌីជីថល៕

Share.