សិល្បៈជាតិ៖ ករណីម៉ូដែល ឆឹង ច័ន្ទមុនីរស្មី រងការប្រមាថដោយសម្ដីលែបខាយរបស់បុរសម្នាក់ជាពិធីករកម្មវិធីប្រដាល់ ត្រូវបានបញ្ចប់គ្រប់ភាគីពាក់ព័ន្ធ ដែលក្នុងនោះពិធីករប្រដាល់ឈ្មោះ ជួប វុត្ថា បានផ្ដិតមេដៃទទួលស្គាល់កំហុសនៅចំពោះរដ្ឋមន្ត្រីក្រសួងព័ត៌មាន រីឯតារាម៉ូដែលស្រីរូបនេះក៏ទទួលបានការជួយអន្តាគមន៍ពីថ្នាក់ដឹកនាំក្រសួង និងស្ថាប័នផ្សេងៗជាច្រើន។

សូមអានសាររបស់ម៉ូដែល ឆឹង ច័ន្ទមុនីរស្មី ដែលរៀបរាប់ពីទំហំចិត្ត និងសុខចិត្តបញ្ចប់រឿង មិនចង់ឱ្យវែងឆ្ងាយតទៅទៀត ដោយបានផ្ដល់បទពិសោធន៍ទៅបុរសនិយាយលែបខាយពាក្យសម្ដីប៉ះពាល់តម្លៃស្ត្រីយ៉ាងដូច្នោះ៖

ដោយមានការជួយអន្តាគមន៍ ជ្រោមជ្រែងពីសំណាក់ក្រសួងកិច្ចការនារី ក្រសួងពត៌មាន រួមការព្រមានថ្កោលទោសពីមហាជនយ៉ាងគំហុកពីសំណាក់មហាជនគ្រប់ស្រទាប់។ នាងខ្ញុំពិតជាមានអារម្មណ៍កក់ក្តៅ និងទទួលបាននូវការគាំទ្រយ៉ាងពេញលេញ មិនត្រឹមតែចំពោះត្រឹមរូបនាងខ្ញុំផ្ទាល់ តែបានផ្តល់ឱ្យស្ត្រី និងក្មេងស្រីទាំងអស់ដែលសក្ត័សមទទួលនូវការគាំពារពីរាជរដ្ឋាភិបាល ពីសង្គមដែលត្រូវតែលុបបំបាត់ឱ្យបានដាច់ខាតនូវការរេីសអេីងភេទ ការបៀតបៀនផ្លូវភេទ អំពេីបំពានច្បាប់ និងសកម្មភាពពិរុទ្ធទាំងឡាយណាដែលផ្ទុយនឹងច្បាប់ការពារសិទ្ធិមនុស្ស។

នាងខ្ញុំ មុនីរស្មី សូមគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត សូមគោរពថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា សូមគោរពថ្លែងអំណរគុណជូនចំពោះ រដ្ឋមន្ត្រី ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃ ក្រសួងកិច្ចការនារី ក្រសួងពត៌មាន និងក្រសួងដែលពាក់ពន័្ធទាំងអស់ ដែលបានខ្នះខ្នែងយកចិត្តទុកដាក់អន្តរាគមន៍ និងជួយដោះស្រាយបានយ៉ាងឆាប់រហ័សចំពោះរឿងរ៉ាវមួយនេះ។ សូមគោរពថ្លែងអំណរគុណជូនចំពោះ ក្រុមគ្រួសារ រៀមច្បងសិល្បៈ មិត្តរួមការងារ និងពុកម៉ែបងប្អូនទាំងអស់ ដែលមានចិត្តសន្តោសចំពោះនាងខ្ញុំ និង បងៗសារព៌តមានទាំងអស់ដែលជួយផ្សព្វផ្សាយពីបញ្ហាមួយនេះទៅកាន់មហាជន ជាពិសេស​បង​ប្រុស ស៊ន សុភក្រ្ត ដែលជួយផ្សព្វផ្សាយទៅដល់ថ្នាក់ដឹកនាំកំពូលរបស់យើង។ តេីមានអ្វីតបស្នងនូវសន្តានចិត្តដ៏ល្អរបស់បងប្អូនខ្មែរទាំងអស់គ្នា ដែលមាននៅចិត្តចែករំលែក ជួយគ្នានាពេលត្រូវការជំនួយនេះ?

នាងខ្ញុំមិនដេញដោលបន្ត មិនមានអត្ថន័យថា រឿងនេះតូចមិនធំនោះទេ។ គ្រាន់តែចង់ស្ងប់ស្ងាត់ និងមិនចង់ឱ្យរឿងរ៉ាវនេះវែងឆ្ងាយដល់ជីវភាពគ្រួសារ ឬប្រភពចំណូលរបស់គាត់ឡេីយ។ អ្វីដែលនាងខ្ញុំចង់បាន គឺ នឹងមិនចង់​ឃេីញ​មានរូបភាព ឬសកម្មភាពណាមួយ បៀតបៀនស្ត្រី និងកុមារី ជាពិសេស សិល្បការនីណាមួយ កេីតឡេីងបន្តទៀតតាមរយៈ រូបភាពបែបនេះឡើយ។ សង្ឃឹមថាបងពិធីករ បានទទួលមេរៀនមួយនេះ នឹងកែប្រែកុំអោយមានរឿងនេះកើតឡើងម្តងទៀត។

សម្លេងមហាជន ដែលបានលេីកទឹកចិត្ត និងគាំទ្រដល់នាងខ្ញុំ ជាកំលាំងចិត្តដ៏ធំធេង ដែលឱ្យនាងខ្ញុំក្លាហាន តតាំងបាន នូវរឿងមួយដ៏យ៉ាប់យុឺនជាប់មកជាប់ខ្លួនរហូតមកមួយរយះនេះ។ ជឿថា បងប្អូននារីផ្សេងៗទៀតដែលធ្លាប់ជួបរឿងដូចគ្នានេះ អាចក្លាហាន និយាយចេញរកជំនួយដោយមិនខ្មាសអៀន យករឿងមួយនេះជាឧទាហរណ៍។

នាងខ្ញុំ សូមសន្យាថា នឹងប្រតិបត្តិខ្លួនល្អ និងប្រឹងប្រែងធ្វេីជាប្រជាជនល្អ សិល្បការនីល្អដេីម្បីបុព្វហេតុជាតិ និងផ្សព្វផ្សាយ​តំបនយទេសចរណ៍កម្ពុជាទៅកាន់បងប្អូនជនរួមជាតិ និងអន្តរជាតិឱ្យបានស្គាល់ពីវប្បធម៌ និងតំបន់អេកូទេសចរណ៍របស់យើង។ សេចក្តីគួរពុំគួរក្នុងសំណេរខាងលេី នាងខ្ញុំសូមពុកម៉ែបងប្អូន មេត្តា យោគយល់អធ្យាស្រ័យ​នូវរាល់ពាក្យពេជន៍ លេីសលោះខ្វះខាត។ ដោយក្តីគោរពជាទីបំផុតថ្ងៃទី ៤ មីនា ២០២៥ ឆឹង ច័ន្ទមុនីរស្មី៕

Share.