មូស្គូ៖ វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃអង្គារ នេះថា ការផ្អាកផ្ដល់ជំនួយយោធារបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន គឺជាការរួមចំណែកដ៏ល្អបំផុតចំពោះបុព្វហេតុសន្តិភាព ប៉ុន្តែបានព្រមានថា រុស្ស៊ីចាំបាច់ត្រូវការ ការបញ្ជាក់លម្អិតអំពីវិធានការរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥។

មន្ត្រីសេតវិមានបាននិយាយថា លោក ត្រាំ បានផ្អាកផ្ដល់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន បន្ទាប់ពីការប៉ះទង្គិចពាក្យសម្ដីគ្នារបស់មេដឹកនាំនៃប្រទេសទាំង២ កាលពីថ្ងៃសុក្រ សប្តាហ៍មុន ដោយផ្អាករាល់សព្វាវុធទាំងឡាយណាដែលមិនទាន់បញ្ជូនទៅដល់អ៊ុយក្រែន។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បានប្រុងប្រយ័ត្នខ្ពស់ចំពោះរបាយការណ៍នៃការផ្អាកផ្ដល់ជំនួយរបស់អាមេរិកដែរ។ លោក ថា «យើងចាំបាច់ត្រូវមើលព័ត៌មានលម្អិតបន្ថែមទៀត ត្បិតរឿងរ៉ាវនៃការផ្អាកជំនួយនេះ មិនទាន់មានការលាតត្រដាងឱ្យលម្អិតខ្លាំងក៏ពិតមែន ប៉ុន្តែជាក់ស្តែង វិធានការនេះនឹងឈានទៅរកការបន្ថូរបន្ថយភាពតានតឹង និងបញ្ចប់សង្គ្រាម»។

អ្នកនាំពាក្យរូបនេះបន្ដថា «ច្បាស់ណាស់ សហរដ្ឋអាមេរិក គឺជាអ្នកផ្គត់ផ្គង់សព្វាវុធ និងជំនួយផ្សេងៗដ៏សំខាន់នៃសង្រ្គាមនេះ។ ប្រសិនបើការផ្អាកនេះជាការពិតមែននោះ នោះវាគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ដែលអាចស្វែងរកផ្លូវឆ្ពោះទៅរកសន្ដិភាព»។
កាលពីឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅកាន់ទឹកដីអ៊ុយក្រែន ដែលបង្កឱ្យមានការប្រឈមមុខដាក់គ្នាដ៏ធំបំផុតរវាងទីក្រុងមូស្គូ និងលោកខាងលិច ចាប់តាំងពីសម័យសង្រ្គាមត្រជាក់មក។

យ៉ាងណាម៉ិញ មួយរយៈចុងក្រោយនេះ សម្ព័ន្ធមិត្តអឺរ៉ុបក៏មិនបានឱបដៃឈរមើលដែរ ដោយបានព្យាយាមជួយអ៊ុយក្រែនទៅតាមលទ្ធភាពរៀងៗខ្លួន ខណៈប្រទេសដែលចេញមុខចេញមាត់ជាងគេគឺ អង់គ្លេស និងបារាំង។

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន កាលពីឆ្នាំ២០២២ មក សហរដ្ឋអាមេរិក បានផ្ដល់ជំនួយយោធាជាច្រើន ដោយគិតជាទឹកប្រាក់ប្រមាណ ៦៥.៩ពាន់លានដុល្លារអាមេរិក។ ប៉ុន្ដែចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីជាថ្មីម្ដងទៀតមក ការចូលរួមចំណែកគាំទ្រអ៊ុយក្រែន កំពុងស្ថិតក្នុងភាពស្រពេចស្រពិល ដោយលោក ត្រាំ បានចេញបញ្ជាឱ្យផ្អាកការផ្ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែនជាបណ្ដោះអាសន្ន ក្រោយកិច្ចព្រមព្រៀងរ៉ែបានបរាជ័យ និងបានតឹងសរសៃរកដាក់គ្នានៅសេតវិមានកាលពីថ្ងៃចុងខែកុម្ភៈ កន្លងទៅ៕

