កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃអង្គារ នេះថា លោកចង់ «ធ្វើរឿងត្រឹមត្រូវ» ជាមួយលោក ដូណាល់ ត្រាំ និងធ្វើការក្រោម «ការដឹកនាំដ៏រឹងមាំ» របស់ប្រធានាធិបតីអាមេរិក ដើម្បីទទួលបានសន្តិភាពយូរអង្វែងនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥។

នៅក្នុងការអត្ថាធិប្បាយជាសាធារណៈលើកដំបូងរបស់លោក ចាប់តាំងពីលោក ត្រាំ បញ្ឈប់ការបញ្ជូនជំនួយយោធាដល់អ៊ុយក្រែន លោក ហ្សេលេនស្គី បាននិយាយថា ជម្លោះសាធារណៈរបស់លោក ជាមួយលោក ត្រាំ កាលពីសប្តាហ៍មុនគឺជារឿង «គួរឱ្យសោកស្តាយ» ហើយបានសន្យាថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែសំខាន់ៗ ជាមួយទីក្រុងវ៉ាស៊ីនតោន។
លោកក៏បានអំពាវនាវឱ្យមាន «បទឈប់បាញ់» ទាំងនៅក្នុងសមុទ្រ និងនៅលើអាកាសជាជំហានដំបូង ដើម្បីបញ្ចប់សង្រ្គាមរយៈពេល ៣ឆ្នាំនេះ។

ការដួលរលំយ៉ាងខ្លាំងនៅក្នុងសម្ព័ន្ធភាពសង្រ្គាមរវាងទីក្រុងកៀវ – ទីក្រុងវ៉ាស៊ីនតោន បានកើតឡើង ចាប់តាំងពីការប្រកែកតឹងសរសៃរកដាក់គ្នានៅការិយាល័យរាងពងក្រពើ នៃសេតវិមាន រវាងមេដឹកនាំប្រទេសអ៊ុយក្រែន និងមេដឹកនាំអាមេរិក កាលពីថ្ងៃសុក្រសប្តាហ៍មុន រហូតមានការផ្ដាច់ជំនួយយោធារបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន។
លោក ហ្សេលេនស្គី បានសរសេរនៅលើបណ្ដាញសង្គម X ថា «ក្រុមការងាររបស់ខ្ញុំ និងខ្ញុំត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការក្រោមការដឹកនាំដ៏រឹងមាំរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីទទួលបានសន្តិភាពយូរអង្វែង»។ លោកបានបន្ថែមថា «កិច្ចប្រជុំរបស់យើងនៅទីក្រុងវ៉ាស៊ីនតោន នៅសេតវិមានកាលពីថ្ងៃសុក្រ មិនបានទៅតាមរបៀបដែលបានគ្រោងទុក។ វាដល់ពេលហើយ ដើម្បីធ្វើរឿងត្រឹមត្រូវ»។

ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក ត្រាំ ក្នុងការផ្ដាច់ជំនួយយោធាដល់អ៊ុយក្រែនកាលពីថ្ងៃចន្ទ បានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងនៅក្នុងទីក្រុងកៀវ និងបណ្ដាប្រទេសនៅអឺរ៉ុបជាច្រើន ដែលគេយល់ថា អាមេរិកកំពុងងាកចេញពីសម្ព័ន្ធមិត្តរបស់ខ្លួន និងឆ្ពោះទៅរកប្រទេសរុស្ស៊ី។


ទាក់ទិននឹងការផ្ដាច់ជំនួយយោធារបស់អាមេរិក ទីក្រុងមូស្គូ បានសាទរចំពោះការសម្រេចចិត្តរបស់លោក ត្រាំ ដោយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានចាត់ទុកថាជា «ដំណោះស្រាយដ៏ល្អបំផុត ដែលជំរុញឱ្យទីក្រុងកៀវ ងាកទៅរកសន្តិភាព»។
យ៉ាងណាម៉ិញ នៅថ្ងៃព្រហស្បតិ៍នេះ សហភាពអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំកំពូលបន្ទាន់មួយក្នុងគោលបំណងពង្រឹងការគាំទ្ររួមគ្នារបស់អឺរ៉ុបសម្រាប់អ៊ុយក្រែន៕

