អូស្ការ៖ កម្មវិធីប្រគល់ពានរង្វាន់អូស្ការលើកទី៩៧ បានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ពោលគឺនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នៅក្នុងមហោស្រព Dolby Theatre នាទីក្រុងហូលីវូដ សហរដ្ឋអាមេរិក ដោយមានការចាក់ផ្សាយផ្ទាល់តាមទូរទស្សន៍ ABC និងPlatform Hulu ផងដែរ។ នៅក្នុងកម្មវិធីមានតារាកំប្លែង Conan O’Brien ដើរតួនាទីជាពិធីករ សម្របសម្រួលកម្មវិធី ដើម្បីញ៉ាំងបរិយាកាសឱ្យកម្មវិធីប្រគល់ពានកាន់តែរីករាយ។ ខាងក្រោមនេះ ជាឈ្មោះភាពយន្តដែលបានឈ្នះពាន ទៅតាមផ្នែកនីមួយៗ



១. ភាពយន្ត “Anora” ដឹកនាំដោយអ្នកដឹកនាំរឿង Sean Baker បានឈ្នះពានរង្វាន់ធំបំផុតនៃរាត្រីប្រគល់ពានអូស្ការ ដោយឈ្នះពានរង្វាន់តែឯងសរុបចំនួន ៥ រួមមាន៖ ពានរូបភាពល្អបំផុត (Best Picture), ពាន អ្នកដឹកនាំរឿងល្អបំផុត (Best Director), ពានតារាសម្តែងស្រីឯកឆ្នើម (Best Actress) សម្រាប់ Mikey Madison, ពានកាត់តសម្រាំងរូបភាពល្អបំផុត (Best Film Editing) និង សាច់រឿងដើមល្អបំផុត (Best Original Screenplay)។ ភាពយន្តបង្ហាញពីជីវិតរបស់ស្ត្រីសម័យថ្មីម្នាក់នេះ បានទទួលការសរសើរយ៉ាងខ្លាំង។ ភាពយន្តនេះបានជួយឱ្យ Jean Baker បំបែកកំណត់ត្រាឈ្នះពានចំនួន ៤សម្រាប់ខ្សែភាពយន្តតែមួយ ស្មើនឹងកំណត់ត្រារបស់ Walt Disney សម្រេចបាន កាលពីឆ្នាំ ១៩៥៤។

២.ភាពយន្ត “The Brutalist” ក៏បានទទួលជោគជ័យគួរឱ្យកត់សម្គាល់ដែរ ដោយឈ្នះបានពានរង្វាន់ចំនួន ៣ រួមមាន តារាសម្តែងប្រុសឯកឆ្នើម (Best Actor) សម្រាប់ Adrien Brody, ពានថតផ្ដិតយករូបល្អបំផុត (Best Cinematography) និង តន្ត្រីដើមល្អបំផុត (Best Original Score)។ តារា សម្ដែង Adrien Brody ធ្លាប់ឈ្នះពានក្នុងឆ្នាំ ២០០២ សម្រាប់រឿង “The Pianist” ដូច្នេះនេះគឺជាការត្រឡប់មកឈ្នះពានម្តងទៀត របស់គាត់។

៣. ភាពយន្ត “Emilia Pérez” គឺជាខ្សែភាពយន្តតន្ត្រីរបស់ Netflix មានឈ្មោះប្រជែងពានច្រើនជាងគេរហូតដល់ទៅ (១៣ ពាន) ប៉ុន្តែជាលទ្ធផលឈ្នះតែ ២ ពានប៉ុណ្ណោះ គឺ ពានតួរងស្រីឆ្នើម (Best Supporting Actress) សម្រាប់ Zoe Saldaña និង បទចម្រៀងដើមល្អបំផុត (Best Original Song) សម្រាប់បទ “El Mal”។ នេះគឺជាមោទកភាពមួយដែល Saldaña បានបង្កើតប្រវត្តិសាស្ត្រជាស្ត្រីអាមេរិក ដើមកំណើតដូមីណីក ដំបូងគេដែលឈ្នះពានអូស្ការ។

៤.ភាពយន្ត “Conclave” បានឈ្នះពានសាច់រឿងប្រែសម្រួលពីសៀវភៅល្អបំផុត (Best Adapted Screenplay)
៥.ភាពយន្ត “A Real Pain” បានជួយឱ្យ Kieran Culkin ឈ្នះពាន តួរងប្រុសឆ្នើម (Best Supporting Actor) ដែលជាពានដំបូងរបស់គាត់។

៦.ភាពយន្ត “Wicked” ជាខ្សែភាពយន្តតន្ត្រីដ៏ល្បី បានឈ្នះ ២ ពាន គឺ ការរចនាសម្លៀកបំពាក់ល្អបំផុត (Best Costume Design) និង ការរចនាផលិតកម្មល្អបំផុត (Best Production Design)។
៧.ខ្សែភាពយន្តវិទ្យាសាស្ត្រ “Dune: Part Two” បានឈ្នះ ២ ពាន គឺ សំឡេងល្អបំផុត (Best Sound) និង បច្ចេកទេសរូបភាពល្អបំផុត (Best Visual Effects) ដែលបញ្ជាក់ពីភាពអស្ចារ្យផ្នែកបច្ចេកទេសរបស់ខ្លួន។
៨.ភាពយន្ត “The Substance” បានឈ្នះពាន ការតុបតែងមុខ និងសក់ល្អបំផុត (Best Makeup and Hairstyling)។
ដោយឡែក ផ្នែកភាពយន្តអន្តរជាតិ “I’m Still Here” មកពីប្រទេសប្រេស៊ីល បានឈ្នះពាន ភាពយន្តអន្តរជាតិល្អបំផុត (Best International Feature Film) ខណៈដែលភាពយន្តគំនូរជីវចល “Flow” បានឈ្នះពាំន ភាពយន្តគំនូរជីវចលល្អបំផុត (Best Animated Feature)។
ក្នុងនោះដែរភាពយន្តឯកសារ “No Other Land” បានឈ្នះពាន ភាពយន្តឯកសារល្អបំផុត (Best Documentary Feature)។

ភាពយន្តខ្លីៗក៏មានអ្នកឈ្នះផងដែរ ដូចជា៖ភាយន្ត “In the Shadow of the Cypress” ឈ្នះ ភាពយន្តខ្លីគំនូរជីវចលល្អបំផុត (Best Animated Short Film), “The Only Girl in the Orchestra” ឈ្នះ ភាពយន្តខ្លីឯកសារល្អបំផុត (Best Documentary Short) និង “I’m Not a Robot” ឈ្នះពាន Best Live Action Short Film)។
