ព្រះសីហនុ៖ រដ្ឋលេខាធិការដា្ឋនអាកាសចរណ៍ស៊ីវិល អគ្គនាយកដ្ឋានប្រតិបត្តិការនិងសេវាកម្មអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ជូនដំណឹងពីការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ KOS EX 24 ប្រចាំឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១៣:០០ នាទី រហូតដល់ ១៧:០០ នាទីរសៀល។

លំហាត់សមយុទ្ធនេះ នឹងមានដុតប្រេង និងកង់ឡានចាស់ៗ បង្កើតបានជាអណ្តាត ភ្លើងសន្ធោសន្ធៅ នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ក្នុងនោះផងដែរក៏មានការ ចល័តរថយន្តអគ្គិសភ័យ រថយន្តសង្គ្រោះ ដោយមានការចូលរួមពីអាជ្ញាធរដែនដី សាលាខេត្តព្រះសីហនុ កងកម្លាំងប្រដាប់អាវុធ មន្ទីរពេទ្យនានា ក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន SCA / CAMS និងក្រុមហ៊ុន ចរាចរណ៏ដែនអាកាសCATS។

ការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ យោងទៅតាមច្បាប់ស្តីពីអាកាសចរណ៏ នៃព្រះរាជាណាចក្រកម្ពុជា និងអង្គការ អាកាសចរណ៏ស៊ីវិលអន្តរជាតិ(ICAO) រដ្ឋនីមួយៗដែលជាសមាជិក តម្រូវឱ្យធ្វើផែនការគ្រប់គ្រងគ្រោះអាសន្ន នៅអាកាសយានដ្ឋានអន្តរជាតិ (Airport / Emergency plan) ហើយត្រូវធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ(Full Scale Airport Emergency Exercise)រៀងរាល់ពីរឆ្នាំម្ដង ដើម្បីធានាបាននូវពេលវេលាឆ្លើយតប ការទំនាក់ទំនងសាកល្បងសមត្ថភាព និងការទទួលខុសត្រូវរបស់ស្ថាប័ននីមួយៗ។

ដើម្បីឱ្យហាត់សមយុទ្ធនេះ ដំណើរការបានដោយរលូន សូមសាធារជនទាំងអស់មេត្តាជ្រាប និងជួយសម្រួលដល់ ការចល័តរបស់រថយន្តអគ្គិភ័យ រថយន្តសង្គ្រោះ ក្នុងការធ្វើលំហាត់សមយុទ្ធ ខាងលើនេះដោយក្តីអនុគ្រោះ៕

Share.