ទិវានារីអន្តរជាតិ ឬ International Women’s Day ត្រូវបានបណ្ដាប្រទេសនៅទូទាំងពិភពលោកកំណត់យកថ្ងៃទី៨ ខែមីនា ដើម្បីប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយត្រូវបានចាត់ទុកថាជាថ្ងៃដ៏មានសារៈសំខាន់មួយ ដែលបានបង្ហាញពីប្រវត្តិដ៏អង់អាចរបស់ស្រ្តីនៅលើពិភពលោក ក្នុងការទាមទារឱ្យមានការលើកកម្ពស់សិទ្ធិ សេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើភាពរវាងបុរស និងស្រ្តីនៅក្នុងសង្គម។

បើតាមក្រសួងកិច្ចការនារី នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥នេះ ជាខួបទី១១៤ នៃទិវានារីអន្តរជាតិប្រទេសកម្ពុជា ក៏ដូចជាប្រទេសនៅលើពិភពលោក រៀបចំទិវានេះក្រោមមូលបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប»។
ទិវានារីអន្តរជាតិ គឺជារឿងរបស់នារីសាមញ្ញ ដែលជាអ្នកកសាងប្រវត្តិសាស្ត្រ។ វាបានចាក់ឫស ក្នុងការតស៊ូរបស់នារីៗ អស់ពេលរាប់សតវត្ស ដើម្បីចូលរួមក្នុងសង្គម ដោយស្មើភាពជាមួយនឹងបុរស។


បើងាកទៅប្រទេសក្រិច ដែលជាប្រទេសចំណាស់ លីស៊ីស្ត្រាតា (Lysistrata) បានផ្ដើមគំនិតធ្វើកូដកម្មផ្លូវភេទប្រឆាំងនឹងបុរស ដើម្បីបញ្ចប់សង្គ្រាម និងនៅអំឡុងបដិវត្តន៍បារាំង នារីក្នុងទីក្រុងប៉ារីស បានអំពាវនាវរក «សេរីភាព សមភាព ភាតរភាព» ដោយដើរជាក្បួនឆ្ពោះទៅកាន់ទីក្រុងវែរសៃ ដើម្បីទាមទារសិទ្ធិបោះឆ្នោតសម្រាប់នារី។
គំនិតនៃទិវានារីអន្តរជាតិ បានលេចឡើងជាដំបូងនៅរបត់នៃសតវត្ស ដែលក្នុងពិភពឧស្សាហូបនីយកម្ម គឺជារយៈពេលនៃដំណើរវាតទី និង ចលាចលកំណើនប្រជាជនយ៉ាងឆាប់រហ័ស និងមនោគមវិជ្ជា មូលវិវឌ្ឍនិយម។
– ឆ្នាំ១៩០៩
យោងតាមសេចក្ដីថ្លែងការណ៍ របស់បក្សសង្គមនិយមអាមេរិក ទិវានារីជាតិលើកទីមួយ ត្រូវបានគេគោរពអបអរសាទរ ទូទាំងសហរដ្ឋអាមេរិក នៅ ថ្ងៃ ទី២៨ ខែកុម្ភៈ។ នារីបានបន្តធ្វើបុណ្យរំលឹកខួបទិវានេះ រហូតទៅដល់ថ្ងៃអាទិត្យចុងក្រោយ នៃខែនោះនាឆ្នាំ១៩១៣។
– ឆ្នាំ១៩១០
សមាគមសង្គមនិយមអន្តរជាតិ ជួបប្រជុំគ្នានៅទីក្រុងកូប៉ែនហាក (Copenhagen) បានសម្រេចយកថ្ងៃ ៨ មីនា «ទិវានារីអន្តរជាតិ» ថ្ងៃមហាសាមគ្គីតស៊ូរបស់នារីពលករទូទាំងសាកលលោក ដើម្បីសិទ្ធិសេរីភាពប្រជាធិបតេយ្យដោយភ្ជាប់ជាមួយនឹងពាក្យស្លោកថា «មួយថ្ងៃធ្វើការប្រាំបីម៉ោង», «ធ្វើការស្មើគ្នា បៀវត្សស្មើគ្នា», «ការពារសុខភាពមាតា និងទារក» ។
សំណើនេះត្រូវបានទទួល អបអរដោយមានការអនុមតិ ជាឯកច្ឆន្ទដោយសន្និសីទ របស់នារីជាង១០០នាក់ មកពីប្រទេស១៧ ដែលរួមមាននារី ដំបូងគេបីនាក់ត្រូវបានជាប់ឆ្នោតជាតំណាងរាស្ត្រ សភាហ្វាំងឡង់។ ពុំមានកាលបរិច្ឆេទជាក់លាក់ ណាមួយត្រូវបានជ្រើសរើសសម្រាប់ធ្វើពិធីអបអរ និងគោរពទិវានេះទេ។

– ឆ្នាំ១៩១១
ជាលទ្ធផលនៃកិច្ចពិភាក្សា ដែលបានសម្រេចនៅទីក្រុងកូប៉ែនហាក (Copenhagen) កាលពីឆ្នាំមុន ទិវានារីអន្តរជាតិ ត្រូវបានគេធ្វើពិធីទទួលអបអរជាលើកដំបូង (នៅថ្ងៃទី១៩ ខែមិនា) នៅប្រទេសអូទ្រីស ប្រទេសដាណឺម៉ាក ប្រទេសអាល្លឺម៉ង់ និង ប្រទេសស្វីស ដែលក្នុងប្រទេសទាំងនោះ មាននារីនិងបុរសជាងមួយលាននាក់ បានមកចូលរួមគាំទ្រទាំងអស់គ្នា។
ជាបន្ថែមទៅលើសិទ្ធិ ក្នុងការបោះឆ្នោត និងសិទ្ធិបម្រើការងាររដ្ឋ នារីទាំងនោះបានទាមទារ ឲ្យមានសិទ្ធិក្នុងការធ្វើការងារសិទ្ធិទទួលការបណ្ដុះបណ្ដាល និងសិទ្ធិក្នុងការបញ្ចប់ការរើសអើង ចំពោះការងារ។ ជិត មួយសប្ដាហ៍ក្រោយមក នៅថ្ងៃទី២៥ ខែមិនា សោកនាដកម្មដ៏ខ្លោចផ្សា បណ្ដាលមកពីអគ្គិភ័យ ឆាបឆេះរោងចក្រត្រីកោណផលិតអាវម៉ាដាំ រឹបរាង នៅទីក្រុងញីវយ៉កថ្មី បានផ្ដាច់អាយុជីវិតនារីបម្រើការរោងចក្រ នោះអស់ជាង១៤០នាក់ ដែលភាគច្រើនជានារីអន្តោប្រវេសន៍ អ៊ីតាលី និង ជ្វីហ្វ។

ព្រឹត្តិការណ៍នេះ មានផលប៉ះពាល់ យ៉ាងធំធេងលើច្បាប់ការងារក្នុង សហរដ្ឋអាមេរិក ហើយលក្ខខណ្ឌការងារដែលនាំឲ្យមានគ្រោះមហន្តរាយនេះ ត្រូវបានគេស្មិងស្មាធិ៍ រំលឹកប្រតិស្ឋអធិស្ឋាន ក្នុងអំឡុងពិធីបុណ្យជាបន្តបន្ទាប់ ដើម្បីរំលឹកទិវានារី អន្តរជាតិ។
– ឆ្នាំ១៩១៣-១៩១៤
ជាផ្នែកមួយនៃចលនាសន្តិភាព ដែលកំពុងប្រុងប្រៀបដំណើរការនៅពេល មុនព្រឹត្តិការណ៍សង្គ្រាមលោកលើកទី១ នារីរុស្សី បានធ្វើពិធីរំលឹកខួប ទិវានារីអន្តរជាតិ របស់គេជាលើកទី១ នៅថ្ងៃអាទិត្យចុងក្រោយ ក្នុងខែកុម្ភៈ ឆ្នាំ១៩១៣។ នៅតំបន់ផ្សេងទៀតក្នុងអឺរ៉ុបនៅថ្ងៃ ឬប្រហែលថ្ងៃទី៨ ខែមីនា នៃឆ្នាំបន្ទាប់មក នារីបានមកមូលផ្ដុំជុំគ្នា ដើម្បី ឬមួយតវ៉ាប្រឆាំងនឹងសង្គ្រាម ឬ មួយ ដើម្បីសម្ដែងសាមគ្គីភាពជាមួយបងប្អូននារីៗរបស់គេ។

– ឆ្នាំ១៩១៧
ជាមួយនឹងទាហានរុស្សី២លាននាក់ នារីរុស្សីជាថ្មីម្ដងទៀត បានជ្រើសរើសយកថ្ងៃអាទិត្យចុងក្រោយ ក្នុងខែកុម្ភៈ ដើម្បីធ្វើកូដកម្ម ទាមទារ «ចំណីអាហារហូបចុក និងសន្តិភាព»។ មេដឹកនាំនយោបាយ បានជំទាស់នឹងការកំណត់ ពេលធ្វើកូដកម្មនេះ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក៏នារីទាំងនោះនៅតែបោះជំហានទៅមុខជានិច្ច។
ចាប់តាំងពីឆ្នាំដំបូងៗនោះមក ទិវានារីអន្តរជាតិ មានទំហំធំធេងថ្មីជាសកលសម្រាប់នារីទាំងឡាយ ទាំងនៅក្នុងប្រទេសអភិវឌ្ឍន៍ ទាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍ៕

