ភ្នំពេញ ៖ មាតាបិតាសិស្សមានក្តីព្រួយបារម្ភ បន្ទាប់ពីមានក្រុមជនអនាថា ក្រុមរើសអេតចាយ ប្រើប្រាស់គ្រឿងញៀន ចូលទៅបោះតង់ធ្វើទីជម្រកស្នាក់អាស្រ័យនៅក្នុងបរិវេណសាលាបឋមសិក្សាជម្ជូវ័ន ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ អារម្មណ៍សិស្សានុសិស្សក្នុងរៀនសូត្រ។

បើតាមមាតាបិតាសិស្សបានឱ្យដឹងនៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥នេះថា សាលារៀនជាថ្នាលបណ្តុះបណ្តាលវិជ្ជាដល់សិស្សានុសិស្ស កាលបើមានជនអនាថា ក្រុមអ្នករើសអេតចាយ ក្រុមអ្នកជក់ថ្នាំញៀន ចូលទៅបោះតង់ធ្វើទីជម្រក ប្រមូលផ្តុំនៅក្នុងបរិវេណសាលា ជាប់ថ្នាក់កូនសិស្សរៀនសូត្រ ហាក់ដូចជាប៉ះពាល់ដល់ផ្លូវអារម្មណ៍សិស្សានុសិស្ស សណ្តាប់ធ្នាប់សាលារៀន ។

ដោយមើលឃើញនូវបញ្ហាប្រឈមបែបនេះ ទើបមាតាបិតាសិស្សសំណូមពរដល់ អាជ្ញាធរ សមត្ថកិច្ច មេត្តាជួយរៀបចំសណ្តាប់ធ្នាប់ នៅទីតាំងខាងលើផង ខណៈក្រុមទាំងនេះ ហាក់មិនបានខ្លាចញញើតនឹងចំណាត់ការរបស់សាលានោះទេ។

បើតាមលោកគ្រូអ្នកគ្រូ បានឱ្យដឹងថា កន្លងមកខាងសាលាក៏ធ្លាប់បានណែនាំដល់ជនទាំងនោះដែរ តែទៅបាត់មួយរយៈ វិលមកវិញដដែល មានតែសូមឱ្យអាជ្ញាធរ សមត្ថកិច្ចឱ្យជួយសម្រួល៕

អត្ថបទ៖តាតុងសែនជ័យ

Share.