សិល្បៈជាតិ៖ តាមសេចក្ដីប្រកាសដំណឹងបានឱ្យដឹងថា នាដការបាំព្រះរាជទ្រព្យ ២២ រូប នឹងចេញទៅសម្ដែងនៅប្រទេសបារាំងក្នុង កម្មវិធី «Le Ballet royal du Cambodge» ដើម្បីបន្តព្រះរាជបេសកកម្មសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។

ជាមួយគ្នានោះ សមាគមសិល្បករខ្មែរ ដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នឹងអមដំណើរលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រោមព្រះរាជវត្តមានសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ក្នុងដំណើរបេសកកម្មទៅកាន់សម្ដែងរបាំព្រះរាជទ្រពនៅទីក្រុងប៉ារីស ខេត្ត Bordeaux និងខេត្ត Metz ប្រទេសបារាំងរយៈពេល៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។

សូមជម្រាបជូនថា របាំព្រះរាជទ្រព្យដែលជា សម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិមួយនេះ ត្រូវអាក់ខានសម្តែងនៅប្រទេសបារាំងជាច្រើនឆ្នាំមកហើយ ក្រោយពីការយាងចូលទិវង្គតរបស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ។ ក្នុងបេសកកម្មដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងនាំយកសិល្បៈវប្បធម៌កម្ពុជា ទៅសម្ដែង បង្ហាញ និងផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ពិសេសដើម្បីជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគមអន្តរជាតិ និងកម្ពុជា ក្នុង ន័យទាក់ទាញភ្ញៀវទេសចរអឺរ៉ុបមកកម្ពុជា តាមរយៈស្ពានសិល្បៈវប្បធម៌៕

Share.