នាល្ងាចថ្ងៃទី០៥ មីនា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន អំពីករណី ការសង្ស័យ លើការប្រព្រឹត្តនូវទង្វើរៀបចំកំណត់លទ្ធផលទុកជាមុន របស់កីឡាករ វីរៈ ដារ៉ា ក្នុងការប្រកួតជាផ្លូវការរវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិសិង្ហបុរី កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងព្រឹត្តិការណ៍ ASEAN Championship Mitsubishi Electric Cup នៅទីលាននៃកីឡដ្ឋានជាតិ (National Stadium) ប្រទេសសិង្ហបុរី។

ក្រោយពីអាជ្ញាធរមានសមត្ថកិច្ចបានធ្វើការតាមដាន និងស៊ើបអង្កេតតាមសមត្ថកិច្ចជំនាញរួចរាល់ និងរួមផ្សំដោយ ការស្រាវជ្រាវរបស់គណៈកម្មការសុចរិតភាពរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទៅតាមនីតិវិធីជាក់លាក់ និងដោយការយក ចិត្តទុកដាក់ ជាមួយនឹងអង្គភាពជំនាញក្រៅប្រទេសមួយចំនួនកន្លងមក បានបង្ហាញលទ្ធផលជា អវិជ្ជមានរួមគ្នា ថា ៖ កីឡាករ ជម្រើសជាតិ វីរៈ ដារ៉ា ពុំមានអ្វីពាក់ព័ន្ធទៅនឹងការសង្ស័យទាំងអស់នោះទេ។
ផ្ទុយទៅវិញ កំហុសដែលកើតឡើង នាពេលនោះ គឺជាកំហុសបច្ចេកទេសនៃការលេង ដោយអចេតនាប៉ុណ្ណោះ។ សូមបញ្ជាក់បន្ថែមថា រាល់ករណីមន្ទិលសង្ស័យ ទាំងឡាយណាដែលកើតមានអំឡុងពេលដំណើរការនៃការប្រកួត សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅតែបន្តធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីរក្សាបាននូវសុចរិតភាពនៅក្នុងវិស័យបាល់ទាត់នៅកម្ពុជា។

ទន្ទឹមនឹងការចាត់វិធានការ និងដើម្បីទប់ស្កាត់បញ្ហាដូចខាងលើ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានដាក់ចេញនូវ វិធានការ ដែលបានប្រកាសជូនក្នុងមហាសន្និបាតលើកទី១៩ របស់ខ្លួន កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ លើការបែងចែក ភាគលាភដែលបានមកពីការលក់សំបុត្រនៃការរៀបចំប្រកួតរបស់ក្រុមជម្រើសជាតិ បន្ទាប់ពីដកចំណាយលើប្រតិបត្តិការណ៍ និងពន្ធ ផ្តល់ជូនផ្នែកពាក់ព័ន្ធចំនួន ០៤ គឺ៖
- សហព័ន្ធកីឡាបាល់ទាត់កម្ពុជា២៥%
- សមាគម/ក្លិប (កីឡាករជាប់ក្នុងក្រុមជម្រើសជាតិ) ២៥%
- ក្រុមជម្រើសជាតិ ២៥%
- សុខុមាលភាព ២៥%
សូអានសេចក្ដីប្រកាសព័ត៌មានលម្អិតរបស់សហ័ន្ធកីឡាបាល់ទាត់កម្ពុជា

ជុំវិញរឿងនេះដែរក្រោយពេលសហព័ន្ធកីឡាបាល់ទាត់ចេញសេចក្ដីប្រកាស វីរ: ដារ៉ា បានបង្ហោះសារនៅលើកបញ្ដាញសង្គមផ្ទាល់ខ្លួនភ្លាមៗ៖ «ជាដំបូងខ្ញុំបាទសូមអរគុណជាពិសេសដល់ថ្នាក់ដឹកនាំនឹងក្រុមការងារនៃក្លឹបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង នឹង សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានខិតខំជួយស្វែងរកនូវភាពស្អាតស្អំមកដល់ខ្ញុំបាទ ខ្ញុំពិតជាមានសេចក្ដីរីករាយជាពុនពេកពេលដែរឃើញនៅសេចក្ដីច្បាស់ការមួយនេះ ខ្ញុំបាទមានតែម្រាមដៃដប់សូមអរគុណទៅដល់ថ្នាក់ដឹកនាំដែលតែងតែយកចិត្តទុកដាក់មកកាន់ខ្ងុំបាទ»។
វីរ: ដារ៉ា បានបន្ថែមថា៖ ហើយក៏មិនភ្លេចអរគុណទៅដល់ ពុកម៉ែបងប្អូនដែរតែងតែគាំទ្រនឹងឡើងទឹកចិត្តខ្ញុំកន្លងមក ជាពិសេសអរគុណដល់ក្រុមគ្រួសារតែងតែនៅពីរក្រោយខ្ញុំជានិច្ច។ ជាចុងក្រោយខ្ញុំបាទ វីរះដារ៉ា សុំទោសទៅដល់ អ្នកគាំទ្រទាំងអស់នៅក្នុងវិស័យបាល់ទាត់កម្ពុជាដោយខ្ញុំបានបង្កើតឡើងនៅកំហុសយ៉ាងធំដោយអចេតនាមួយនេះខ្ញុំបាទក៏បានទទួលស្គាល់នៅកំហុសដែរបានកើតឡើង។

គួរបញ្ជាក់ ក្រុមជម្រើសជាតិកម្ពុជា បានធ្លាក់ចេញពីពានរង្វាន់ ASEAN Mitsubishi Electric Cup™ 2024 ក្រោយឆ្លងកាត់ការប្រកួត ៤ប្រកួត ឈ្នះ១ ស្មើ១ និងចាញ់២ មាន ៤ពិន្ទុ។ ខណ:ក្រុមជម្រើសជាតិវៀតណាម បានយកឈ្នះសិង្ហបុរី ក្នុងជំនួបជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងពានរង្វាន់ ASEAN Mitsubishi Electric Cup™ 2024 នារាត្រីថ្ងៃទី២៦ ធ្នូ ២០២៤៕


