សិល្បៈជាតិ៖ រាជរដ្ឋាភិបាលបានកំពុងរៀបចំប្រមូលឯកសារដើម្បីចុះបញ្ជីមហាសង្ក្រាន្តនៅកម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ហេតុនេះរាជរដ្ឋាភិបាលបានជំរុញឱ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រៀបចំសង្ក្រាន្តឱ្យបានច្រើន និងស្របតាមប្រពៃណីជាតិខ្មែរ នៅតាមមូលដ្ឋានរបស់ខ្លួននាឱកាសសង្ក្រាន្តឆ្នាំថ្មីខាងមុខនេះ។ នេះបើតាមប្រសាសន៍សម្ដេចមហាបវរធិបតី។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឡើងក្នុងឱកាសប្រារព្ធ«ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២៧ ឆ្នាំ២០២៥» និង «ពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេសលើកទី ៦» នាល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ដែលមាន ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សិល្បការិនីទាំងក្នុង និងក្រៅប្រព័ន្ធ មន្ត្រី បុគ្គលិក រួមទាំងអ្នកបម្រើ ក្នុងវិស័យសិល្បៈវប្បធម៌ ជាច្រើននាក់ចូលរួមនា ឆ្នាំនេះជាលើកទី២៧នេះ។

ក្នុងឱកាសនោះ សម្ដេចបវរធិបតី បានណែនាំឱ្យក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ សហការជាមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ធ្វើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពឡើងវិញឱ្យបានច្បាស់នូវតំបន់បេតិកភណ្ឌវប្បធម៌ជាតិ ឬទីតាំងបុរាណដ្ឋានទាំងអស់ ដើម្បីកំណត់ថាទីតាំងណាខ្លះដែលត្រូវការពារ និងអភិរក្ស និងទី​តាំង​ណា​ខ្លះដែលត្រូវដោះស្រាយជូនប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្ដែង ។ ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបន្តសហការគ្នា ក្នុងការរៀបចំចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ​ ដើម្បីផ្សព្វផ្សាយអំពីសម្បត្តិវប្បធម៌របស់កម្ពុជា និងពិភពលោក ចូលរួមថែរក្សា។

ពាក់ព័ន្ធនឹងវិស័យសិល្បៈនេះដែរ សម្ដេចបានលើកទឹកចិត្តដល់ការកែច្នៃ ការបង្កើតថ្មី ការប្រើប្រាស់បច្ចេកវិទ្យាជំនាន់ថ្មី ដោយឈរលើការរក្សាអត្តសញ្ញាណជាតិជាគោល ត្រូវតែបន្តការស្រាវជ្រាវ និងចងក្រងនូវសិល្បវប្បធម៌ ជាពិសេសប្រភេទសិល្បៈដែលមានហានិភ័យខ្ពស់ ។

យ៉ាងណាមិញ រាជរដ្ឋាភិបាលបានរៀបចំចុះបញ្ជីសង្ក្រាន្តនៅកម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក ហេតុនេះសូមឱ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវតែរៀបចំសង្ក្រាន្តឱ្យបានច្រើន និងស្របតាមប្រពៃណីជាតិខ្មែរ នៅតាមមូលដ្ឋានរបស់ខ្លួន នាឱកាសសង្ក្រាន្តឆ្នាំថ្មីខាងមុខនេះ។

សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង វិស័យឯកជន បញ្ជូនមន្ត្រី សិល្បករ សិល្បការិនី ទៅសិក្សា ដកពិសោធន៍ និង សហការជាមួយដៃគូ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញក្នុងស្រុក។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវសហការជាមួយក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ជំរុញឱ្យគ្រប់ស្ថានទូត និង ស្ថានកុងស៊ុលកម្ពុជាប្រចាំនៅបរទេស រៀបចំព្រឹត្តិការណ៍វប្បធម៌ខ្មែរ ឱ្យបានទៀងទាត់ជារៀងរាល់ឆ្នាំផងដែរ៕

Share.