នៅល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ «ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៧ ឆ្នាំ២០២៥» និង «ពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនីទូទាំងប្រទេស លើកទី៦»។ ក្នុងឱកាសនេះ សម្តេចបានថ្លែងថា ការប្រារព្ធទិវាវប្បធម៌ជាតិប្រចាំឆ្នាំគឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ ដែលជំរុញទឹកចិត្តកូនខ្មែរឱ្យចូលរួមការពារ ថែរក្សា និងលើកស្ទួយវប្បធម៌ និងប្រពៃណីជាតិ ក្រោមស្មារតី «ទាំងអស់គ្នា ដើម្បីវប្បធម៌ជាតិ វប្បធម៌ជាតិ ដើម្បីទាំងអស់គ្នា»។

សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តរៀបចំទិវានេះរយៈពេល១០ឆ្នាំ ក្រោមប្រធានបទ «យុវជន ដើម្បីវប្បធម៌ជាតិ» ដើម្បីបណ្តុះស្មារតីស្នេហាវប្បធម៌ក្នុងចំណោមយុវជន។ ទន្ទឹមនឹងនេះ សម្តេចបានលើកឡើងពីការប្រើប្រាស់បច្ចេកវិទ្យា រួមទាំងបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងមានឥទ្ធិពលទូលំទូលាយលើបណ្តាញសង្គម។ ទោះជាការប្រើប្រាស់ភាគច្រើនមានលក្ខណៈវិជ្ជមាន ប៉ុន្តែសម្តេចបានជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់បច្ចេកវិទ្យា ដោយការគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយ ចៀសវាងពាក្យសម្តីអសុរោះ ឬហិង្សា ដែលអាចប៉ះពាល់ដល់សីលធម៌ និងវប្បធម៌ខ្មែរ។

ជាមួយគ្នានេះ សម្តេចបានណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពតំបន់បេតិកភណ្ឌវប្បធម៌ និងទីតាំងបុរាណដ្ឋានឱ្យបានច្បាស់លាស់ ដើម្បីកំណត់ការអភិរក្ស និងដោះស្រាយបញ្ហាជាក់ស្តែង។ សម្តេចក៏បានលើកទឹកចិត្តឱ្យមានការសហការជាមួយអង្គការយូណេស្កូ ដើម្បីចុះបញ្ជីបេតិកភណ្ឌពិភពលោក និងផ្សព្វផ្សាយសម្បត្តិវប្បធម៌ខ្មែរទៅកាន់អន្តរជាតិ។

លើសពីនេះ សម្តេចបានស្នើឱ្យលើកទឹកចិត្តដល់ការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងវិស័យសិល្បៈ ដោយរក្សាអត្តសញ្ញាណជាតិជាគោល ព្រមទាំងជំរុញការស្រាវជ្រាវ និងចងក្រងសិល្បៈដែលមានហានិភ័យបាត់បង់។ ជាពិសេស សម្តេចបានគូសបញ្ជាក់ពីការរៀបចំ «សង្ក្រាន្តនៅកម្ពុជា» ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ដោយលើកទឹកចិត្តឱ្យរដ្ឋបាលគ្រប់លំដាប់ថ្នាក់រៀបចំពិធីនេះឱ្យបានផុសផុល និងស្របតាមប្រពៃណីខ្មែរ នៅឱកាសឆ្នាំថ្មីខាងមុខ។

ទីបំផុត សម្តេចបានណែនាំឱ្យក្រសួងពាក់ព័ន្ធ និងវិស័យឯកជន បញ្ជូនមន្ត្រី និងសិល្បករទៅសិក្សាបទពិសោធន៍ពីបរទេស ព្រមទាំងសហការជាមួយស្ថានទូត និងស្ថានកុងស៊ុលកម្ពុជានៅក្រៅប្រទេស ដើម្បីរៀបចំព្រឹត្តិការណ៍វប្បធម៌ខ្មែរជាប្រចាំឆ្នាំ សំដៅលើកកិត្យានុភាពជាតិលើឆាកអន្តរជាតិ៕

Share.