សេដ្ឋកិច្ចពាណិជ្ជកម្ម ៖ នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូពីក្រុងចឹងចូវ ខេត្តហ៊ឺណាន ប្រទេសចិន ដឹកនាំដោយលោកស្រី Li Fengzhi អភិបាលរង និងមានការចូលរួមពី ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀត។

ជំនួបនេះមានគោលបំណងពង្រឹងទំនាក់ទំនងមិត្តភាព និងសហការវិនិយោគរវាងកម្ពុជា និងចិន ដោយឯកឧត្តម ស៊ុន ចាន់ថុល បានបង្ហាញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជារួមមានវិស័យៈ ឧស្សាហកម្មយានយន្ត
ឧស្សាហកម្មអេឡិចត្រូនិក កសិកម្ម និងកសិ-ឧស្សាហកម្ម ថាមពលបៃតង បច្ចេកវិទ្យាឌីជីថល និងសេវាកម្មផ្សេងៗទៀត។
លោកស្រី Li Fengzhi បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងបានលើកឡើងអំពីគម្រោងវិនិយោគសួនកសិ-ឧស្សាហកម្ម របស់ខេត្តហ៊ឺណាន ដែលមានគោលដៅទាក់ទាញវិនិយោគសម្រាប់ការកែច្នៃផលិតផលកសិកម្ម និងបង្កើតតំបន់ពាណិជ្ជកម្មពិសេស។
សូមជម្រាបថា ក្នុងចំណោម ៥០ ក្រុមហ៊ុនមកពី ខេត្តហ៊ឺណាន មានក្រុមហ៊ុនមួយចំនួនបានបង្ហាញអំពីបច្ចេកវិទ្យា និងផលិតផលរបស់ខ្លួន ដើម្បីស្វែងរកឱកាសសហការបន្ថែម។ ភាគីទាំងពីរ បានបង្ហាញពីការប្តេជ្ញាចិត្តពង្រឹងសហការរវាងប្រទេសទាំងពីរ ក្រោមផែនការសហការរយៈពេល ៥ ឆ្នាំ (២០២៤-២០២៨) រួមទាំងគម្រោង “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា,” “ច្រករបៀងមច្ឆា និងអង្ករ,” និង “ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថល” ផងដែរ៕

