(កំពង់ចាម)៖ កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៥:០០ នៅភូមិអូរស្វាយ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ដោយឃាត់ខ្លួនជនសង្ស័យ ៦នាក់ (បុរសទាំងអស់) ពាក់ព័ន្ធករណីជួញដូរសារធាតុញៀនដោយខុសច្បាប់។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការខេត្តកំពង់ចាម និងមានការឯកភាពពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញនគរបាលស្រុកកងមាស ស្រុកបាធាយ និងប៉ុស្តិ៍កងតាណឹង។

លោក ភោគ សាវុធ អភិបាលស្រុកកងមាស បានឱ្យដឹងថា សមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស (សង្ស័យជាថ្នាំញៀន) ១កញ្ចប់ (ទម្ងន់ ៥១.៥៨ក្រាមទាំងសំបក), ជញ្ជីងអេឡិចត្រូនិច ២គ្រឿង, ឧបករណ៍ប្រើប្រាស់ថ្នាំញៀន ២សំណុំ, ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួនធំ, និងទូរសព្ទដៃ ៥គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីស្រាវជ្រាវបន្ត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី។

អត្ថបទ​៖ កណ្ដាល

Share.