(ភ្នំពេញ) – អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានទប់ស្កាត់ការនាំចូលខុសច្បាប់នូវសំបកកង់រថយន្តចាស់ៗប្រើប្រាស់រួចចំនួន ៤កុងតឺន័រ ស្មើនឹងទម្ងន់ ៧៨,៦៤០គីឡូក្រាម តាមច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។ បើតាមគេហទំព័រអគ្គនាយកដ្ឋានគយ ដែលចេញផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ទំនិញនេះមានបំណងនាំចូលដើម្បីបោះចោលនៅកម្ពុជា ដែលជាអំពើល្មើសច្បាប់។


ប្រតិបត្តិការនេះកើតឡើងតាំងពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីសាខាគយនៅកំពង់ផែទទួលបានព័ត៌មានពីក្រុមហ៊ុនដឹកជញ្ជូនតាមសមុទ្រ។ មន្ត្រីគយបានវិភាគហានិភ័យ និងសង្ស័យលើកុងតឺន័រ ៤ទូនេះ មុននឹងសហការជាមួយក្រុមហ៊ុននាវា និងម្ចាស់ទំនិញដើម្បីត្រួតពិនិត្យ។ លទ្ធផលបង្ហាញថា ទំនិញជាសំបកកង់រថយន្តចាស់ៗ ដែលត្រូវបានហាមឃាត់នាំចូលស្របតាមអនុក្រឹត្យលេខ ៣៧០ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ និងមាត្រា ៨ នៃច្បាប់ស្តីពីគយ (ព្រះរាជក្រមលេខ នស/រកម/០៧០៧/០១៧ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧)។


អគ្គនាយកដ្ឋានគយបានបញ្ជាឱ្យម្ចាស់ទំនិញនាំសំបកកង់ទាំងនេះចេញទៅវិញឱ្យបានលឿនបំផុត យ៉ាងយូរថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ព្រមទាំងបង់ពិន័យតាមមាត្រា ៧៤ និង ៧៥ នៃច្បាប់ស្តីពីគយ។ ជាលទ្ធផល នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ម្ចាស់ទំនិញបានបញ្ជូនទំនិញនេះចេញទៅវិញជាស្ថាពរ និងបង់ពិន័យរួចរាល់។ ការនេះស្របតាមអនុសញ្ញាបាសែលឆ្នាំ១៩៨៩ ស្តីពីការត្រួតពិនិត្យសំណល់គ្រោះថ្នាក់។
អគ្គនាយកដ្ឋានគយបានបញ្ជាក់ថា ខ្លួនតែងតែត្រួតពិនិត្យទំនិញនាំចូល នាំចេញ និងឆ្លងកាត់ ដើម្បីធានាសុវត្ថិភាព។ ក្នុងឆ្នាំ២០២៤ គយបានបង្ក្រាបទំនិញខុសច្បាប់ជាច្រើន រួមទាំងសាច់បង្កកខូចគុណភាព ៩៤,០១៨គីឡូក្រាម (៣៧ករណី) និងគ្រឿងញៀន ៦៦,៣០០.៩៤ក្រាម។ ជាមួយគ្នានេះ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ គយបានកម្ទេចទំនិញល្មើសច្បាប់ ១០៧មុខ ទម្ងន់ ៥០៧តោន៕
អត្ថបទ៖ កណ្ដាល

