សេដ្ឋកិច្ចពាណិជ្ជកម្ម៖ ក្នុងឱកាសអបអរខួបលើកទី ១១៤ នៃទិវាអន្តរជាតិនារី៨មីនា ឆ្នាំ ២០២៥ ក្រោមប្រធានបទ «សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» នៅក្នុងថ្ងៃនេះ សារព័ត៌មានត្រយងសូមលើកយកព័ត៌មានស្ដីពីការឈ្វេងយល់ពីបទពិសោធន៍របស់ស្ត្រីខ្លាំងក្នុងវ័យស័យជំនួញទាំង ៥ រូបនេះ នោះអ្នកនឹងចាប់ផ្ដើមសាងខ្លួនទៅរកភាពជោគជ័យ.មានដូចតទៅនេះ៖
1-លោកអ្នកឧកញ៉ា ភាព ហៀក

និយាយដល់ឈ្មោះលោកអ្នកឧកញ៉ា ភាព ហៀក គឺគ្រប់គ្នាស្គាល់លោកស្រីជាសហគ្រិនជនជាតិខ្មែរដ៏សកម្ម និងជាម្ចាស់ក្រុមហ៊ុនជីបម៉ុង (Chip Mong Group) ដែលជាក្រុមហ៊ុនឯកជនធំមួយនៅកម្ពុជា។ ក្រុមហ៊ុនជីបម៉ុងមានសកម្មភាពធ្វើអាជីវកម្មជាច្រើនផ្នែក រួមមាន អចលនទ្រព្យ សំណង់ ការផលិតស៊ីម៉ងត៍ និងការចែកចាយផលិតផលផ្សេងៗ។
លោកអ្នកឧកញ៉ា ភាព ហៀក ត្រូវបានគេស្គាល់ថាជាអ្នកដឹកនាំដ៏មានឥទ្ធិពលម្នាក់ក្នុងវិស័យអាជីវកម្មនៅកម្ពុជា។ ក្រោមការដឹកនាំរបស់លោកស្រី ក្រុមហ៊ុនជីបម៉ុងបានរីកចម្រើនយ៉ាងឆាប់រហ័ស និងក្លាយជាក្រុមហ៊ុនដែលមានឥទ្ធិពលខ្លាំងមួយក្នុងសេដ្ឋកិច្ចកម្ពុជា។ ក្រុមហ៊ុនមួយនេះក៏ជាក្រុមហ៊ុនដែលចូលរួមក្នុងការអភិវឌ្ឍន៍គម្រោងអចលនទ្រព្យ និងសំណង់ធំៗជាច្រើននៅទូទាំងប្រទេស។
កើតចេញពីការខិតខំប្រឹងប្រែង និងការច្នៃប្រឌិតក្នុងការកសាងអាជីវកម្មអ្នកឧកញ៉ា ភាព ហៀក បានក្លាយជាសហគ្រិនជោគជ័យនិងមានឥទ្ធិពលមួយរូប។ លោក ភាព ហៀក បានគោរមងារលំដាប់ថ្នាក់ទី១ ដ៏ខ្ពង់ខ្ពស់បំផុត និងឧត្តុង្គឧត្តមប្រកបដោយមហាកិត្តិយសដែលស័ក្តិសម និងជាសក្ខីភាពឆ្លុះបញ្ចាំងអំពីគុណវុឌ្ឍិដែល លោកអ្នកឧកញ៉ា បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងធនធានជាច្រើនដើម្បីចូលរួមបម្រើឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាទាំងក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច សាសនា និងមនុស្សធម៌នាពេលកន្លងមក។
លោកអ្នកឧកញ៉ា ភាព ហៀក ក្រុមហ៊ុនបុត្រសម្ព័ន្ធរួមមាន៖ ជីប ម៉ុងត្រេឌីងបង្កើតនៅឆ្នាំ១៩៨២ ៖គ្រឿងសំណង់ គ្រឿងឧបភោកបរិភោគ, ជីប ម៉ុង អ៊ិនដាស្ទ្រីស៍បង្កើតនៅឆ្នាំ២០០៧៖ បេតុងលាយស្រេច បរិក្ខាសម្ភារ:លំនៅដ្ឋាន ,ជីប ម៉ុងលែន បង្កើតនៅឆ្នាំ២០០៨៖ អចលនទ្រព្យ លែនម៉ាក, ផាកលែន, លែនរីច ,ខ្មែរ ប៊ែវីរើជីស បង្កើតនៅឆ្នាំ២០០៩៖ ស្រាបៀរកម្ពុជា និងភេសជ្ជ: ,ក្រោន ខ្មែរ ប៊ែវើរីជីស បង្កើតនៅឆ្នាំ២០១៤៖ ផលិតផល កំប៉ុង ,ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បង្កើតនៅឆ្នាំ២០១៤៖ ផលិតស៊ីម៉ងត៍ , សណ្ឋាគារផ្កាយ៥ ហាយ៉ាត់ រីជិនស៊ីភ្នំពេញ បង្តើតនៅឆ្នាំ២០១៦ , ជីប ម៉ុងរីថែល បង្កើតនៅឆ្នាំ ២០១៧៖ មណ្ឌលផ្សារទំនើប, ផ្សារទំនើបជីប ម៉ុង, ជីប ម៉ុង Express , សណ្ឋាគារផ្កាយ៣ ហ្វែរហ្វៀល បាយម៉ារៀតភ្នំពេញ, ធនាគារ ជីប ម៉ុង បង្កើតនៅឆ្នាំ២០១៨, ក្លឹបវាយកូនហ្គោល ហ្គ្រេនរ៉ូយ៉ាល់ ហ្គោល អែន រីសត ទីក្រុងរណបហ្គ្រេនភ្នំពេញ។
2-ឧកញ៉ា លឹម ឈីវហូ

ជានិច្ចជាកាលឧកញ៉ា លឹម ឈីវហូ តែងតែលើកឡើងជាទស្សនៈថា សមត្ថភាពរបស់កូនខ្មែរគឺមិនអន់នោះទេ។ តើជំទាវឧកញ៉ា លឹម ឈីវហូ ជានរណា?
ឧកញ៉ា លឹម ឈីវហូ ម្ចាស់ក្រុមហ៊ុន អាត់វោដ អាហរ័ណ នីហរ័ណ (Attwood Import Export Co.) ដែលចូលនាំផលិតផលស្រាបៀរថ្លៃៗលក់នៅកម្ពុជា។ ក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ ( Attwood Import Export Co., Ltd. ) កើតចេញពីញើសឈាម និងគំនិតរបស់សេដ្ឋីនី លឹម ឈីវហូរ តាំងពីឆ្នាំ១៩៩៤មកម្លេះ ហើយធ្លាប់មានប្រវត្តិហែឆ្លងកាត់ស្ទើរគ្រប់សម័យកាល ទម្រាំអាចឈានជើងជ្រៀតជ្រែកចូលទីផ្សារកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ន។
ឧកញ៉ារូបនេះបានពង្រីកមុខរបរជាច្រើនដូចជា៖ ខាងសណ្ឋាគារ អចលនទ្រព្យ និងតំបន់សេដ្ឋកិច្ចពិសេស (special economic zone) នៅជិតក្រុងភ្នំពេញ ខេត្តព្រះសីហនុ និងតំបន់ជាប់ព្រំដែនយៀកណាម មានបាវិត ខេត្តស្វាយរៀង ជាដើម។ ក្រៅពីក្រុមហ៊ុន អាត់វោដ អាហរ័ណ នីហរ័ណ ឧកញ៉ា លឹម ឈីវហូរ គ្រប់គ្រងក្រុមហ៊ុនសំណង់ LCH Construction Co. ជាមួយនឹងដៃគូវិនិយោគចំនួន៣រូបផ្សេងទៀត។
3-ឧកញ៉ា កែវ មុំ

មានទស្សនៈមួយលើកឡើងថា បើខ្លាចកុំធ្វើសហគ្រិន ជាការលើកឡើងរបស់ឧកញ៉ា កែវ មុំ។
ឧកញ៉ា កែវ មុំ គឺអគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយ លីលី ដែលផ្គត់ផ្គង់លើចំណីអាហារសម្រេចរូប។ ផ្អែកលើទស្សនៈគ្មានអាជីវកម្មជោគជ័យណាមួយដែលមិនឆ្លងកាត់ការលំបាក ទើបធ្វើឱ្យលោកជំទាវឧកញ៉ាអាចដំណើរការក្រុមហ៊ុនប្រកបដោយភាពជោគជ័យជាមួយទឹកចិត្តមុះមុត និងការតស៊ូមិនចុះញ៉មនឹងឧបសគ្គ។
ការចាប់ផ្ដើមអាជីវកម្មដំបូងៗឧកញ៉ារូបនេះធ្លាប់ប្រឈមនឹងការលំបាកជាច្រើន ដូចជា កង្វះខាតដើមទុន បច្ចេកទេស ទីផ្សារ និងការគ្រប់គ្រង។ ការប្រកាន់ខ្ជាប់នូវការអត់ធ្មត់ សុជីវភាព សច្ចៈធម៌ និងគុណធម៌ បានជួយឱ្យឧកញ៉ាឆ្លងផុតរាល់ឧបសគ្គមកបាន។
គន្លឹះនៃភាពជោគជ័យឧកញ៉ា កែវ មុំ ធ្លាប់បានចែករំលែកខ្លះៗគឺ ការឈ្វេងយល់ពីអ្នកជោគជ័យផ្សេងៗ ចូលរួមវគ្គបណ្តុះបណ្តាល និងសមាជិកសមាគមធុរកិច្ច ដើម្បីទទួលបានបទពិសោធន៍ និងយុទ្ធសាស្រ្តថ្មីៗ សម្រាប់ដឹកនាំអាជីវកម្មឱ្យឆ្លងផុតពីបញ្ហាដែលតែងកើតមានជារៀងរាល់ថ្ងៃ។
ក្រុមហ៊ុន លីលី គឺមានសមត្ថភាពផលិតនំប្រមាណ ៥ តោនក្នុងមួយថ្ងៃ មានទីផ្សារនាំចេញទៅអាមេរិក កូរ៉េ ភូមា អូស្ត្រាលី ម៉ាឡេស៊ី វៀតណាម និងមានគម្រោងនាំចេញទៅចិន និងអ៊ីតាលីនៅពេលខាងមុខផងដែរ។
យ៉ាងណាមិញឧកញ៉ា កែវ មុំ តែងលើកឡើងថាការធ្វើអាជីវកម្មត្រូវគិតគូរឱ្យបានម៉ដ្ឋចត់ ទាក់ទងនឹងការបង្កើត និងរក្សាស្ដង់ដារ ប្រព័ន្ធគ្រប់គ្រង គុណភាព និងសោភ័ណភាពផលិតផល ដើម្បីធានាចីរភាពអាជីវកម្ម។
4-អ្នកឧកញ៉ា ឈុន លាង

អ្នកឧកញ៉ា ឈុន លាង គឺជាបណ្ណាធិការ និងជាសហស្ថាបនិកធនាគារវឌ្ឍនៈ។ អ្នកឧកញ៉ា ឈុន លាង ចាប់ផ្ដើមជំនួញដំបូងពីរបរលក់អំបោះហុង និងគ្រឿងអលង្ការ ជាមួយប្តីគឺអ្នកឧកញ៉ា សំ អាង ស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប ដែលជាក្រុមហ៊ុនក្នុងស្រុកកំពុងវិនិយោគជាច្រើនវិស័យ។
នៅឆ្នាំ ១៩៨៨ ក្រុមគ្រួសារអ្នកឧកញ៉ា ឈុន លាង បានបង្កើតក្រុមហ៊ុននាំចេញនាំចូលមួយមានឈ្មោះថា Progress Import Export Company ដែលជាអាជីវកម្មនាំចូលស្រាបៀរម៉ាកល្បីដូចជា ABC , Tiger, Anchor មកវាយឡុកទីផ្សារនៅកម្ពុជា និងបានចុះបញ្ជីពាណិជ្ជកម្មក្រោមឈ្មោះថា វឌ្ឍនៈ អាហរ័ណនីហរ័ណ ។
សព្វថ្ងៃលោកស្រីក៏ជាម្ចាស់ភាគហ៊ុនក្រុមហ៊ុន Vattanac Industrial Park I & II សហស្ថាបនិក និងជាប្រធានក្រុមហ៊ុន Vattanac Import Export Co., Ltd. ហើយជាសហស្ថាបនិក ម្ចាស់ភាគហ៊ុន និងជានាយកប្រតិបត្តិក្រុមហ៊ុន Vattanac Capital Limited, ក្រុមហ៊ុន Vattanac Investment Limited, ក្រុមហ៊ុន Vattanac F&B Limited និងក្រុមហ៊ុន Vattanac Golf Resort Co., Ltd. និងជាសហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ជាដើម។
អ្នកឧកញ៉ា ឈុន លាង រមែងលើកជាទស្សនៈមួយថា ប្រឹងប្រែងកសាងស្នាដៃ និងបង្កើតទំនុកចិត្តដល់អតិថិជន នេះគឺជាមួយមូលដ្ឋានគ្រឹះដ៏រឹងម៉ាំង និងជាដើមទន់មិនចេះរីងស្ងួតដែលធ្វើឱ្យក្រុមហ៊ុន វឌ្ឍនៈ បោះជំហ៊ានទៅមុខកាន់តែជោគជ័យ៕
5-ឧកញ៉ា បាខាល់ បុប្ផាគន្ធ

ឧកញ៉ា បាខាល់ បុប្ផាគន្ធ ជាម្ចាស់ហាងមាសពេជ្រ បុប្ផាគន្ធ ដែលជាហាងទិញ-លក់គ្រឿងអលង្ការគ្រប់ប្រភេទ ទទួលស្គាល់ពីស្ថាប័នពេជ្រ GIA អន្តរជាតិ មានទីតាំងស្ថិតនៅផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជិតផ្សារធំថ្មី។
ក្រៅពីជោគជ័យលើវិស័យគ្រឿងអលង្ការគ្រឿងពេជ្រ លោកស្រីឧកញ៉ា ក៏ជាសមាជិកកិត្តិយសរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលតែងចូលរួមកៀរគរថវិកាសប្បុរសធម៌ជាប្រចាំ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។ លោកស្រី បាខាល់ បុប្ផាគន្ធ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ ជា «ឧកញ៉ា» នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣៕

