ភ្នំពេញ៖​ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយស្ត្រីម្នាក់ខឹងប្តីមិនព្រមចូលផ្ទះ​ គេចវេសមិនធ្វើការដោះស្រាយទូទាត់រឿងលុយជំពាក់គេជាងមួយម៉ឺនដុល្លារ​ ដែលបានយកមកប្រើប្រាស់ចំណាយលើក្លិបប្រដាល់របស់ខ្លួនដែលបានបើក ប្រពន្ធខឹងក៏បានទៅចាក់សោផ្ទះដែលបានបើកក្លិបប្រដាល់ ជាប់កូនសិស្សនៅក្នុងផ្ទះជាងដប់នាក់មិនឱ្យចេញមកក្រៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការអន្តរាគមន៍ នៅវេលាម៉ោង៩នឹង៣០នាទីព្រឹក​ ថថ្ងៃទី៧​ ខែមិនា​ ឆ្នាំ២០២៥​ ស្ដិតនៅភូមិឃ្លាំងសាំង​ សង្កាត់​ឫស្សីកែវ​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ​ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ទីតាំងក្លិបប្រដាល់ខាងលើ បើកដោយប្តីប្រពន្ធពីរនាក់​ ដោយពួកគាត់ទាំងពីរបានខ្ចីលុយគេរួមគ្នាជាងមួយម៉ឺនដុល្លារ ដើម្បីមកធ្វើការបើកក្លិបប្រដាល់ ក្រោយបានបើកមួយរយៈប្ដីប្រពន្ធខាងលើក៏មានទំនាស់ទាស់ទែងគ្នា​ ខាងប្ដីក៏បានចុះចេញមិនចូលផ្ទះធ្វើឲ្យប្រពន្ធរ៉ាប់រងលុយបំណុលតែម្នាក់ឯង​ ពេលនោះប្រពន្ធបានទំនាក់ទំនងទៅខាងប្ដី ចូលមកធ្វើការដោះស្រាយរឿងលុយបំណុល​ បេីដោះស្រាយបំណុល តែប្តីមិនព្រមចូលខ្លួនមកដោះស្រាយ ធ្វើឲ្យប្រពន្ធកើតចិត្ដខឹង ក៏សម្រេចចាក់សោឃុំសិស្សប្រដាល់ជាង១០នាក់​ នៅខាងក្នុងក្លិបនោះ ដើម្បីឲ្យប្ដីចូលមកដោះស្រាយ​ ។ ភ្លាមៗ សមត្ថកិច្ចក៏បានចុះធ្វើការអន្តរាគមន៍និង សម្រួលដល់ទីតាំងកើតហេតុ​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការសម្របសម្រួល ឲ្យកូនសិស្សចេញមកខាងក្រៅ​ ចំណែកឯកូនសិស្សពួកគាត់ក៏បានដឹងពីទុក្ខលំបាករបស់លោកគ្រូអ្នកគ្រូ របស់ពួកគាត់ដែលពាក់ព័ន្ធជាមួយនឹងបញ្ហាលុយបំណុលខាងលើធ្វើឲ្យកើតចិត្ដខឹងចាក់សោឃុំពួកគាត់នៅក្នុងផ្ទះ​ ដែលជាក្លិបប្រដាល់នោះក្ដី ក៏ពួកគាត់មិនមានចិត្តខឹងគុំកួននឹងធ្វើការដាក់បណ្ដឹងទៅគ្រូរបស់ពួកគាត់ឡើយ ។

ចំណែកឯស្ត្រីខាងលើបានបន្តថា មូលហេតុដែលគាត់ធ្វើបែបនេះគឺគ្រាន់តែចង់ឲ្យប្ដីរបស់ខ្លួនចូលមកធ្វើការដោះស្រាយលុយបំណុលដែលជំពាក់គេឲ្យអស់រួចចង់ចុះចេញទៅណាក៏បាន៕

អត្ថបទ៖ សេង សាវី

Share.