ព្រៃស ៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ មណ្ឌលអប់រំកែប្រែទី១ បានប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី១១៤ នៃទិវានារីអន្តរជាតិ ៨​ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ សកលស្តីពី «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ នុត សវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី ព្រមទាំងក្រុមគ្រួសារជាស្ត្រី សរុបរួមចំនួន ១៦០រូប។

ក្នុងកម្មវិធីនេះដែរ ឯកឧត្តមប្រធាន បានអញ្ជើញសំណេះសំណាល និងកោតសរសើរដល់ស្ត្រីដែលចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារអភិវឌ្ឍន៍សង្គមជាតិ ហើយនៅតាមក្រសួង ស្ថាប័ន ក៏មានស្រ្តីចូលបំរើការងារ និងមានតួនាទីសំខាន់ៗផងដែរ ជាក់ស្តែងនៅមណ្ឌលអប់រំកែប្រែទី១ ស្រ្តីចាប់ពីថ្នាក់មន្ត្រី ដល់អនុប្រធានមណ្ឌល បានខិតខំបំពេញការងារបានយ៉ាងល្អមិនចាញ់បុរសឡើយ។


បន្ទាប់ពីបញ្ចប់ការសំណេះសំណាល ឯកឧត្តមប្រធាន បានជូនបាច់ផ្កា និងវត្ថុអនុស្សាវរីយ៍ ព្រមទាំងថវិកាក្នុងម្នាក់ៗចំនួន ១៥០,០០០ រៀល (ដប់ប្រាំម៉ឺនរៀល) ដល់មន្រ្តីជាស្រ្តី ដែលថវិកានោះរួមមាន:
១.ថវិកា ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ជូនដល់ស្រ្តីក្នុងម្នាក់ៗ ចំនួន ៥០,០០០រៀល ២.ថវិកា មណ្ឌលជូនដល់ស្ត្រី ក្នុងម្នាក់ៗចំនួន ១០០,០០០រៀល។

ក្រៅពីនោះដើម្បីលើកកម្ពស់សិទ្ធិនារី និងបង្កើនបរិយាកាសសប្បាយរីករាយ មណ្ឌលបានរៀបចំដំណើរកំសាន្តទៅកាន់ក្រុងព្រះសីហនុមានរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី ០៨ ដល់ថ្ងៃទី ០៩ មីនា ឆ្នាំ ២០២៥។

អត្ថបទ ៖ មណ្ឌលអប់រំកែប្រែទី១

Share.