ថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង ១១ ថ្ងៃត្រង់ ដោយអនុវត្តបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានដឹកនាំកម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់រលាប បានចុះបង្ក្រាបមុខសញ្ញាជួញដូរ គ្រឿងញៀននៅផ្ទះមួយកន្លែង ក្នុងភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ដោយបានឃាត់សួរនាំ និងធ្វើការឆែកឆេរលើខ្លួនជនសង្ស័យម្នាក់ និងចាប់យកសម្ភារៈជាវត្ថុតាងដូចមួយចំនួនដូចជា៖ ថង់សម្រាប់ច្រកគ្រឿងញៀន, ម្សៅក្រាមពណ៌-សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៣ កញ្ចប់ (ទម្ងន់ ៤.៤៤ ក្រាមសាច់ថ្នាំសុទ្ធ), ដែកកេះកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន ៦ ដើម, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ១ គ្រឿង, ទូរស័ព្ទ ម៉ាក Realme ចំនួន ១ គ្រឿង (ពណ៌ ទឹកសមុទ្រ) ឧបករណ៍សម្រាប់ជក់ ១ឈុត, ម៉ូតូចំនួន ១គ្រឿង ម៉ាកហុងដាវីន័រ អ៊ិច សេរីឆ្នាំ ២០១៩ គ្មានស្លាកលេខ (ពណ៌ ក្រហម) ។
យោងតាមការសួរនាំទៅលើជនសង្ស័យម្នាក់បានឆ្លើយថា ថ្នាំញៀនចំនួន ៣ កញ្ចប់ គឺខ្លួនទិញពី បុរសម្នាក់អាយុប្រហែល ៣០ឆ្នាំ រួចក៏បានសហការជាមួយសមត្ថកិច្ច ទៅចង្អុលបង្ហាញដល់ ចំណុចផ្ទះជនសង្ស័យនោះតែម្ដង ដែលមានទីតាំងស្ថិតនៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់។ ពេលនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៣ នាក់ទៀត នៅវេលាម៉ោងខ្ទង់ ១២ ថ្ងៃត្រង់ ក្នុងមូលដ្ឋានសង្កាត់រលាប ក្រុងពោធិ៍សាត់ដោយប្រមូលវត្ថុតាងបានរួមមាន៖
១. ឧបករណ៍សម្រាប់ជក់គ្រឿងញៀនចំនួន ១ ឈុត
២. ទូរស័ព្ទ ចំនួន ៣គ្រឿង ម៉ាក Realme (ពណ៌ ទឹកសមុទ្រ ចំនួន ១គ្រឿង ពណ៌ខ្មៅចំនួន ១គ្រឿង និងពណ៌បៃតង)
៣. ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៦កញ្ចប់ (ទម្ងន់ ៤៩៧.៥៨ ក្រាម សាច់ថ្នាំសុទ្ធ)
៤. ដែកកេះកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន ១ដើម
៥. ម៉ូតូ ចំនួន ៣ គ្រឿងរួមមាន៖
– ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៩ មានស្លាក់លេខពោធិ៍សាត់ 1J-3678 (ពណ៌ខ្មៅ)
– ម៉ាក ហុងដាវ៉េវ គ្មានស្លាក់លេខ (ពណ៌ ខ្មៅ)
– ម៉ាក ហុងដាវ៉េវ សេរីឆ្នាំ ២០១៦ គ្មានស្លាកលេខ ពណ៌ក្រហម។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុង ពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី៕







