ខេត្តកណ្តាល – នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងប្រធានសាខា បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យមួយគ្រួសារ (៣នាក់) នៅភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ។

ឯកឧត្តម ហាក់ សុខមករា បាននាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយបង្ហាញក្តីនឹករលឹក និងអាណិតអាសូរចំពោះគ្រួសាររងគ្រោះ។ ឯកឧត្តមបានថ្លែងថា៖ «ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំ។ អំណោយនេះ ទោះតិចតួច មិនអាចគ្របដណ្តប់ទំហំនៃការខូចខាតទាំងស្រុង ប៉ុន្តែជួយសម្រាលការខ្វះខាតបានខ្លះ។ យើងផ្តល់ជំនួយនេះដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ»។






ទន្ទឹមនេះ ឯកឧត្តមបានក្រើនរំលឹកឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ ជាពិសេសនៅរដូវប្រាំង ដោយសារការធ្វេសប្រហែសក្នុងការប្រើភ្លើងទៀន ធូប ឬចរន្តអគ្គិសនី អាចនាំឱ្យខូចខាតទ្រព្យសម្បត្តិ ទីជម្រក ឬអាយុជីវិត។



គ្រោះអគ្គិភ័យនេះកើតឡើងនៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១៥:០០ ដោយបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី បានឆេះផ្ទះមួយខ្នងអស់ទាំងស្រុង ជារបស់ឈ្មោះ បឿន សុខរ៉េន មានសមាជិក ៣នាក់ នៅភូមិ និងសង្កាត់ខាងលើ។ សំណាងល្អ មិនមានអ្នករងគ្រោះដល់អាយុជីវិតទេ។
អំណោយផ្តល់ជូន:
- អង្ករ ៥០គីឡូក្រាម
- មី ១កេស
- កៅស៊ូតង់ ១ផ្ទាំង
- ទឹកត្រី ១យួរ
- ទឹកស៊ីអុីវ ១យួរ
- ទឹកបរិសុទ្ធ ៣កេស
- ត្រីខ ១យួរ
- ឃីតសម្ភារប្រើប្រាស់ ១កញ្ចប់
- សម្ភារផ្ទះបាយ ១ឈុត
- ថវិកា ១,០០០,០០០ រៀល (មួយលានរៀល)
ក្រៅពីនេះ សប្បុរសជនមួយចំនួនបានជួយឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់បន្ថែម។ លើសពីនេះ តបតាមសំណូមពរពីគ្រួសាររងគ្រោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានឧបត្ថម្ភថវិកា ៥០០ដុល្លារ សម្រាប់ទិញស័ង្កសីសាងសង់ទីជម្រកថ្មី។
អត្ថបទ៖ កណ្ដាល

