កំពង់ស្ពឺ – ប្រជាពលរដ្ឋស្ថិតនៅភូមិសែនជ័យ ឃុំយាយម៉ៅសែនជ័យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្នើសុំឱ្យជួយដោះស្រាយ បញ្ហារងផលប៉ះពាល់សុខភាព និងជីវភាព ដោយសារសំណល់រាវពីរោងចក្រត្រូវបានបង្ហូរចូលស្ទឹងសែនជ័យ។





ឆ្លើយតបនឹងការបដិសេធរបស់ក្រុមហ៊ុន KRR តាមលិខិតចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយតំណាងក្រុមហ៊ុន រួមមានលោក លី សេងខុង (ម្ចាស់ភាគហ៊ុន), លោក ម៉ៅ ម៉េង (ម្ចាស់ភាគហ៊ុន), និងលោក សៅ ពិសិដ្ឋ (អគ្គនាយក) ដែលអះអាងថាមិនបានបង្ហូរទឹកកខ្វក់ចូលស្ទឹង ក្រុមការងារអធិការកិច្ចនៃក្រសួងបរិស្ថានបានចុះត្រួតពិនិត្យនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥។ ក្រុមការងារបានយកសំណាកទឹក និងសហការជាមួយអ្នកសារព័ត៌មាន សម្ភាសប្រជាពលរដ្ឋនៅក្បែររោងចក្រ។





ប្រជាពលរដ្ឋបានរាយការណ៍ថា រោងចក្រ KRR បានបញ្ចេញសំណល់រាវមានជាតិពុលចូលស្ទឹងសែនជ័យ ដែលនៅខាងក្រោយរោងចក្រ ជាពិសេសនៅពេលយប់។ សំណល់នេះបានបំពុលទឹកស្ទឹង បង្កផលប៉ះពាល់ដល់សុខភាព និងជីវភាពរបស់ពួកគាត់។
- អ្នកស្រី សែម សុផា (ភូមិសែនជ័យ) បានថ្លែងថា មុនមានរោងចក្រ ស្ទឹងសែនជ័យជាប្រភពទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពដំណាំ។ បច្ចុប្បន្ន ទឹកមានក្លិនស្អុយ ខូចគុណភាព ប៉ះពាល់សុខភាព និងមើលឃើញត្រីងាប់។
- លោក តាន់ តេង (ភូមិ៣) អ្នកដាំស្វាយ បានបញ្ជាក់ថា ទឹកស្ទឹងមិនអាចប្រើប្រាស់បានទៀត បន្ទាប់ពីរោងចក្របញ្ចេញសំណល់ ដោយប៉ះពាល់ទាំងដំណាំ និងសុខភាព។
- អ្នកស្រី ហុក ម៉េង (ជាប់មាត់ស្ទឹង) បានលើកឡើងថា ក្លិនស្អុយមានគ្រប់ពេល ពេលខ្លះខ្លាំងរហូតត្រូវចាកចេញពីផ្ទះទៅរកខ្យល់ស្រស់។ អ្នកស្រីបន្ថែមថា កុមារ និងមនុស្សចាស់នៅក្បែរនោះឈឺញឹកញាប់។
ប្រជាពលរដ្ឋបានស្នើសុំឱ្យរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធដោះស្រាយបញ្ហានេះ ដោយសារទឹកស្ទឹងសែនជ័យ និងតំបន់ខាងក្រោមប្រឡាយ មិនអាចប្រើប្រាស់បាន និងមានក្លិនស្អុយខ្លាំង។



ក្រុមការងារក្រសួងបរិស្ថានបានចុះពិនិត្យ២លើករួចមកហើយ។ ការវិភាគសំណាកទឹកបង្ហាញថា ទឹកហៀរចេញពីរោងចក្រមានកម្រិត Chemical Oxygen Demand (COD) លើស ៣,០០០ mg/l ដែលខ្ពស់ជាងស្តង់ដារកំណត់។ សំណល់នេះមានជាតិស្ករ និងសារជាតិជូរពីស្វាយ ព្រមទាំងកម្ទេចសាច់ស្វាយរលួយ ដែលបញ្ចេញក្នុងបរិមាណច្រើនចូលស្ទឹង បណ្តាលឱ្យត្រីងាប់ និងបំផ្លាញជីវៈចម្រុះក្នុងទឹក។ ជាមធ្យម សំណល់រាវពីការផលិតដំណាប់ស្វាយមាន COD ខ្ពស់លើស ១០,០០០ mg/l ខណៈទឹកកខ្វក់ពីលំនៅឋាន ឬការលាងបន្លែផ្លែឈើ មាន COD មិនលើស ១,០០០ mg/l និងមិនបង្កក្លិនស្អុយខ្លាំង។ នៅតំបន់នេះ មិនមានរោងចក្រផលិតដំណាប់ស្វាយផ្សេងក្រៅពី KRR Processing Food Co., Ltd. ទេ៕

