សហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់កម្ពុជា កាលពីរសៀលថ្ងៃទី៧ មីនា បានរៀបចំការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី១ ឆ្នាំ២០២៥ ដោយមានការចូលរួមពីកីឡាករ កីឡាការិនី ប្រតិភូគ្រូបង្វឹក មន្ត្រីបច្ចេកទេស ជាង ២០០នាក់។ ព្រឹត្តិការណ៍នេះ បានប្រារព្ធធ្វើឡើង នៅក្នុងសាលការ៉ាតេ RUPP ក្រោមអធិបតីភាពឯកឧត្តមសេង ធារិន ប្រធានសហព័ន្ធ និង លោកអគ្គរដ្ឋទូតឥណ្ឌូនេសុី ប្រចាំកម្ពុជា។

ថ្លែងក្នុងការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី១ ឆ្នាំ២០២៥ ឯកឧត្តម សេង ធារិន ប្រធានសហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់កម្ពុជា បានមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍នេះ គឺមានសារៈសំខាន់ណាស់សម្រាប់ការរីកចម្រើន និងការអភិវឌ្ឍន៍របស់កីឡាបញ្ចស៊ីឡាត់នៅក្នុងប្រទេសរបស់យើង ដោយបានប្រមូលផ្តុំអត្តពលិកឆ្នើម ដើម្បីបង្ហាញពីជំនាញ វិន័យ និងស្មារតីពិតនៃសិល្បៈក្បាច់គុនមួយនេះ»។
ឯកឧត្តម បានបន្តថា៖ កីឡាបញ្ចស៊ីឡាត់ គឺមិនត្រឹមតែជាកីឡាប៉ុណ្ណោះទេ ជាគឺជាមរតកអរូបិយមួយរបស់មនុស្សជាតិ ហើយមានប្រវត្តិយូរលុង ដែលមានជាប់ពាក់ព័ន្ធជាមួយជនជាតិខ្មែរ តាំងសម័យបុរាណ ដែលក្នុងនោះបានបង្កប់នូវប្រពៃណី ទំនៀបទំលាប់មួយចំនួន ដែលមានភាពប្រហាក់ប្រហែល គ្នារបស់ជនជាតិខ្មែរ និងឥណ្ឌូនេស៊ី។

ឯកឧត្តម បានបន្ថែមថា សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានធ្វើកិច្ចការងារជាច្រើន ក្នុងការអភិវឌ្ឍវិស័យកីឡាបញ្ចស៊ីឡាត់ ដែលជាយុទ្ធសាស្ត្រស្នូលរបស់យើង ដែលក្នុងនោះមាន ៖
- ក្នុងការប្រមូលផ្តុំកីឡាករ កីឡាការិនីមានទេពកោសល្យ និងមានសក្តានុពល
- ការពង្រឹកជំនាញរបស់អត្តពលិករបស់តាមរយៈការបញ្ជូនទៅហ្វឹកហាត់នៅក្រៅប្រទេស
- បណ្តុះបណ្តាលមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ទាំងការបណ្តុះក្នុងស្រុក និងបញ្ជូនទៅធ្វើការបណ្តុះបណ្តាលនៅប្រទេសឥណ្ឌូនេស៊ី
- ការគៀរគរការគាំទ្រផ្នែកហិរញ្ញវត្ថុពីសមាជិកប្រតិបត្តិសហព័ន្ធរបស់យើង ក្នុងការបញ្ចូនអត្តពលិក
- ទៅចូលការប្រកួត ទាំងកម្រិតអន្តរជាតិ និងកម្រិតពីភពលោក ដែលលទ្ធផលបច្ចេកទេសចុះក្រោយនេះ កីឡាករ នន់ ស្រមោចក្រហម បានទទួលជ័យលាភីមេដាយសំរឹទ្ធ ក្នុងការប្រកួតកម្រិតពិភពលោក កាលពីខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ។

ក្នុងនោះផងដែរ សហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់កម្ពុជា ក៏បានដាក់ចេញជាគោលការណ៍ ដើម្បីធានាបានការអភិវឌ្ឍន៍ប្រកបដោយនិរត្តរ៍ភាព និងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍វិស័យកីឡា រួមមាន៖
- ពង្រីបន្ថែមការចូលរួមពីសមាគមន៍ និងក្លឹបបញ្ចស៊ីឡាត់
- បន្ថែមការផ្សព្វផ្សាយអំពីគុណតម្លៃនៃការលេងកីឡាបញ្ចស៊ីឡាត់
- បង្កើតវគ្គបណ្តុះបណ្តាលចំពោះអត្តពលិក និងមន្ត្រីបច្ចេកទេស
- ជម្រុញឲ្យមន្ត្រីបច្ចេកទេសរបស់ ទទួល License កម្រិតអន្តរជាតិ និងគ្រូកម្រិតអន្តរជាតិ
- រៀបចំកម្មវិធីហ្វឹកហាត់ និងទីតាំងហ្វឹកហាត់ស្តង់ដា
- រៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិជាប្រចាំឆ្នាំឲ្យបានទៀងទាត់ និងកាប្រកួតមិត្តភាពនានា
- ពង្រីកលទ្ធភាពក្នុងការបញ្ចូនអត្តពលិក ចូលរួមការប្រកួតនៅក្រៅប្រទេស
- ការសម្រួចគោលដៅរយៈពេលខ្លី ក្នុងការដណ្តើមជ័យលាភី ក្នុងការប្រកួត SEA Games លើកទី៣៣ នៅព្រះរាជាណាចក្រថៃ នៅក្នុងខែធ្នូ ឆ្នាំ២០២៥នេះ។
- ការសម្រួចគោលដៅរយៈពេលវែង ក្នុងការបណ្តុះបណ្តាលអត្តពលិកថ្នាល សម្រាប់ការប្រកួត កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ (ASEAN youth Games) ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ។

ឆ្លៀតក្នុងឱកាសនោះ លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់កម្ពុជា ក៏បានលើកឡើងថា សហព័ន្ធកីឡាបញ្ចាំស៊ីឡាត់បានទទួលស្គាល់ជាផ្លូវការ ពីគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា កាលពីថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២៤ នឹងពីក្រសួងអប់រំយុវជន និងកីឡាកាលពីថ្ងៃទី២២ ខែមិនា ឆ្នាំ២០២៤ មុនបានការទទួលស្គាល់ ជាផ្លូវការ និងក្រោយទទួលបានជាផ្លូវការ សហព័ន្ធកីឡា បញ្ចស៊ីឡា សម្រេចបានលទ្ធផលច្រើនជូនជាតិមាតុភូមិ ដូចជាលទ្ធផលពីការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ការប្រកួតកម្រិតអន្តរជាតិ និងកម្រិតពិភពលោកនានា ដែលរៀបចំដោយសហព័ន្ធអន្តរជាតិ ហើយយើង នឹងសម្រួចបន្ថែមទៀតសម្រាប់ព្រឹត្តិការណ៍ ស៊ីហ្គេម២០២៥នៅព្រះរាជាណាចក្រថៃនាពេលខាងមុន។
លោកបានបន្ថែមថា ក្រោមការចង្អុលបង្ហាញ របស់ ឯកឧត្តម សេង ធារិន ប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា ក៏ដូចជា ការចូលរួមពីសំណាក់ឯកឧត្តមអនុប្រធាន និងសមាជិកប្រតិបត្តិសហព័ន្ធបានជម្រុញ ឲ្យខានតែបានក្នុង ការរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី១ ឆ្នាំ២០២៥នេះ ដើម្បីជាការបោះជំហានមួយទៀតក្នុង ប្រមូលផ្ដុំអត្តពលិកមានទេពកោសល្យក្នុងការលេងប្រភេទកីឡានេះ និងផ្សព្វផ្សាយកីឡាបញ្ចាំស៊ីឡាត់ឲ្យកាន់តែ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា សុះសាយនៅក្នុងប្រទេសកម្ពុជា។

ក្នុងការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី១ ឆ្នាំ២០២៥ នៅឆ្នាំទី១ គណៈកម្មាការ ចំនួន២២សាលាគុន ដែលមកពី៩ រាជធានី/ខេត្ត រៀបចំការប្រកួតទទួលបានការចូលរួមចុះឈោ្មះពី ក្នុងនោះ មាន ព្រៃវែង កណ្ដាល កំពង់ឆ្នាំង រតនគីរី បន្ទាយមានជ័យ សៀមរាប តាកែវ បាត់ដំបង និងរាជធានីភ្នំពេញ។ សម្រាប់សមាសភាពចូលរួមមាន ៖
- អត្តពលិកចូលរួមមានចំនួន ១២៧រូប ក្នុងនោះ កីឡាការិនី៤១រូប កីឡាករ ៨៦រូប
- ប្រតិភូគ្រូបង្វឹក ៣០រូប
- មន្ត្រីបច្ចេកទេស យើងមាន៣០រូប
- ក្រុមការងារទទួលបន្ទុកការអនុគណៈកម្មាការនីមួយៗចំនួន២៥រូប
- សរុបអ្នកចូលរួមទាំងអស់ ចំនួនទាំងអស់ មានចំនួន ២១២រូប។
ដោយប្រកួតលើប្រភេទវិញ្ញាសារ ៖
- ប្រយុទ្ធបុរសចំនួន ០៩វិញ្ញាសារ
- ប្រយុទ្ធនារីចំនួន០៦វិញ្ញាសា សរុបចំនួន ១៥ប្រភេទវិញ្ញាសារ។
ជាចុងបញ្ចប់ លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់កម្ពុជា ក៏បានថ្លែងអំណរគុណចំពោះការចូលរួម របស់ ឯកឧត្តមប្រធានសហព័ន្ធ ដែលជានិច្ចជាកាល តែងតែបានគិតគូរ ដល់ការ អភិវឌ្ឍន៍របស់សហព័ន្ធ និងការសុខទុក្ខរបស់កីឡាករ កីឡាការិនី គ្រូបង្វឹក៕





