ត្បូងឃ្មុំៈ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ហេង សំអាន ប៉ែនកុសល្យ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប លើកទី ១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” ក្រោមការរៀបចំពិធីអបអរសាទរ ដោយរដ្ឋបាលខេត្ត និងមន្ទីរកិច្ចការនារីខេត្ត នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ ។


  លោកស្រី ថន គឹមស្រ៊ន់ ប្រធានមន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ បានអានប្រវត្តិ ទិវាអន្តរជាតិនារី ៨ មីនា ជូនអង្គពិធីជ្រាប។ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាល បានធ្វើការផ្សព្វផ្សាយដល់មនុស្សគ្រប់រូប ទាំងបុរស ទាំងស្ត្រី ដើម្បីជួយស្ដ្រីឱ្យមានភាពយុត្តិធម៌ក្នុងការទទួល សិទ្ធិ និងប្រើសិទ្ធិ និងដើម្បីជួយកាត់បន្ថយ ទប់ស្កាត់ លុបបំបាត់ចោលនូវបញ្ហាទាំងឡាយ ដែលកើតមានចំពោះស្ត្រីភេទ ។


ក្នុងឱកាសនោះ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត ទទួលបន្ទុកការងារស្រ្តី ក៏បានអានព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រីយ៍ នរោត្តម មុនីនាថ សីហនុ ព្រវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពង់បំផុត ជូនដល់បងប្អូននារីយើង ប្រកបដោយសក្តានុពល ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងជាឆ្អឹងខ្នងសេដ្ឋកិច្ច ការងារសង្គម ក៏ដូចការងារគ្រួសារ ជាមូលធនមនុស្សដ៏សំខាន់ ។

ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ បានសម្តែងការចូលរួមអបអរសាទរ ប្រកបដោយក្តីសោមនស្សរីករាយ ដោយបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូននារី នៃរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលបានលះបង់អស់កម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចជូនជាតិ និងប្រជាជននៅគ្រប់កិច្ចការសង្គម សហគមន៍ និងការងាគ្រួសារ ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ។


  ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ អំពីការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ធានាបានថា ស្រ្តី និងក្មេងស្រី គ្រប់រូប មានសិទ្ធទទួលបាន និងអនុវត្តសិទ្ធិ និងការពង្រីកភាពអង់អាចរបស់ខ្លួន ជាការឆ្លើយតបទៅនឹងគោលនយោបាយ និងចក្ខុវិស័យ ក្នុងការលើកកម្ពស់សមភាព យេនឌ័រ និងយុទ្ធសាស្រ្តបញ្ញកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាយ៉ាងពិតប្រាកដ ។


  ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ និងលោកជំទាវ ហេង សំអាន ប៉ែនកុសល្យ ក៏បានជូន និងទទួល បាច់ផ្កា ពីសំណាក់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំខេត្ត ព្រមទាំងបានលើកទឹកចិត្ត ដល់បងប្អូននារី នៃរដ្ឋបាលខេត្ត ប្រមាណជិត ៣០០នាក់ ក្នុងម្នាក់ៗ ទទួលបានផ្កា និងថវិកាមួយចំនួន ប្រកបដោយភាពស្និតស្នាល និងស្នាមញញឹម ៕
អត្ថបទ÷អាចារ្យលាក់

Share.