កំពង់ស្ពឺ៖ កាលពីថ្ងៃទី​៨​ ខែមីនា ចំទិវាអន្តរជាតិ​នារី ៨ មីនា សម្ដេច​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ចំណាយពេលធ្វើ​ដំណើរ​ថ្មើជើង ​៤ម៉ោង និង​៣០នាទី ឡើង​ទៅលើ​កំពូល​ភ្នំខ្នងផ្សារដើម្បី​គយគន់ទេសភាព​ធម្មជាតិ​ដ៏ស្រស់ត្រកាល ក្រោយ​បាន​ឡើង​ទៅ​ដល់​ហើយ សម្ដេច​ធិបតីពោល​ថា​ «លឺមួយរយដង មិនស្មើនឹងឃើញផ្ទាល់មួយដងទេ»

ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ រួមមាន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ។ គោលបំណងសំខាន់នៃការចូលរួមនេះ គឺដើម្បីពិភាក្សា និងរៀបចំផែនការជួយជំរុញវិស័យទេសចរណ៍ធម្មជាតិនៅតំបន់ខ្នងផ្សារ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ជុំវិញតំបន់នេះ។

សម្ដេច​បាន​លើកសរសើរ​តំបន់នេះនៅលើ​ទំព័រហ្វេសប៊ុក​ថា៖ «ទោះជាហត់បន្តិច ប៉ុន្តែពិតជាមិនខុសបំណងទេ ដោយសារខ្ញុំបានឃើញផ្ទាល់នូវសម្រស់ធម្មជាតិ និងសក្តានុពលនៃតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ ដែលស្ថិតក្រោមដែនគ្រប់គ្រងរបស់ឧទ្យានជាតិភ្នំក្រវ៉ាញ ដែលល្អលើសអ្វីដែលខ្ញុំបានឃើញតាមទូរទស្សន៍ ឬបណ្ដាញផ្សព្វផ្សាយសង្គម។»

ភ្នំខ្នងផ្សារ និង​ខ្នងសំពៅ ជាផ្នែកមួយនៃឧទ្យានជាតិភ្នំក្រវ៉ាញ ដែលសម្បូរទៅដោយព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ និងវាលស្មៅដ៏ស្រស់បំព្រង ដែលតំបន់នេះមិនត្រឹមតែផ្តល់នូវទេសភាពធម្មជាតិដ៏គួរឱ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ ថែមទាំងជាជម្រកនៃសត្វព្រៃកម្រជាច្រើនប្រភេទ ដែលធ្វើឱ្យវាក្លាយជាគោលដៅទេសចរណ៍ដ៏មានសក្តានុពល។ អ្នកចូលរួមក្នុងដំណើរនេះបានសង្កេតឃើញថា ទោះបីជាមានភាពលំបាកខ្លះក្នុងការឡើងភ្នំ ប៉ុន្តែសម្រស់ព្រះអាទិត្យរះ ខ្យល់ត្រជាក់បក់រឿយៗ និងពពកអណ្តែតលើកំពូលភ្នំ បានធ្វើឱ្យភាពនឿយហត់ទាំងអស់រលាយបាត់>

Share.