យោងតាមរបាយការណ៍ប៉ូលីសថៃ បានឱ្យដឹងថា មានការហេតុការណ៍វាយប្រហារពីក្រុមបះបោរចំនួន ៣លើកនៅខេត្ត ណារ៉ាធីវ៉ាត់ ភាគខាងត្បូងប្រទេសថៃ ដោយបណ្ដាលឱ្យមនុស្ស ៣នាក់ស្លាប់ និង១០នាក់ទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation Thailand។

ការវាយប្រហារនេះ បានកើតឡើងនៅម៉ោង ៧:១០នាទីយប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ ដោយក្រុមបះបោរប្រដាប់អាវុធជាង ១០នាក់ បានបើករថយន្ដដឹកទំនិញ និងរថយន្ដធម្មតាសម្រុកចូលការិយាល័យស្រុក Sungai kolok ដោយបានបាញ់មន្រ្តីការពារជាតិស្ម័គ្រចិត្តដែលឈរប្រចាំការនៅច្រកទ្វារ ២នាក់ ខណៈមនុស្សជាច្រើននាក់ទៀតរងរបួស។

នៅថ្ងៃដដែលនោះ មានករណីវាយប្រហារមួយផ្សេងទៀត ដោយក្រុមបះបោរនោះបានបំផ្ទុះធុងហ្គាសនៅទីតាំងជួសជុលរថយន្ដមួយកន្លែង បណ្ដាលឱ្យមានអ្នករងរបួសជាបន្ដបន្ទាប់។

លុះដល់ម៉ោង ៧:៥២នាទីយប់ មានករណីបំផ្ទុះគ្រាប់បែកមួយផ្សេងទៀតនៅក្បែរបង្គោលភ្លើង ចំនួន ២លើកទៀត តែមិនបណ្ដាលឱ្យមានអ្នករងរបួសនោះទេ។

ជាមួយគ្នានេះដែរ នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែ ថងថាន់ ស៊ីណាវ៉ាត្រា បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងសន្តិសុខអាចនឹងត្រូវបានបញ្ជូនទៅភាគខាងត្បូងប្រទេសឱ្យកាន់តែច្រើន ដើម្បីពង្រឹងសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងតំបន់ ដែលការវាយប្រហារនេះ បានជះឥទ្ធិពលអវិជ្ជមានដល់ប្រទេស។

លោកស្រី បន្ដថា លោកស្រីទទួលបាន ដំណឹងដ៏ក្រៀមក្រំថា មានមន្រ្តីការពារជាតិស្ម័គ្រចិត្តចំនួន ២នាក់បានបាត់បង់ជីវិត ប៉ុន្ដែក្រោយមកដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣នាក់ហើយ។

ទោះជាយ៉ាងណាក្ដី ក្រុមគ្រួសាររបស់អ្នកស្លាប់ និង របួស នឹងទទួលបានការជួយឧបត្ថម្ភពីរដ្ឋាភិបាលថៃ ហើយយើងនឹងស្វែងរកអ្នកមកទទួលខុសត្រូវតាមផ្លូវច្បាប់៕

ប្រភព៖ The Nation Thailand , Asia News Network

Share.