ស្នងការដ្ឋាន ន.ប ខេត្តបាត់ដំបង ក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់បាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 4×4 រដូវកាលទី២ ឆ្នាំ២០២៥ នៅមណ្ឌលពោធិ៍សាត់ ក្រោយ​យក​ឈ្នះ​ក្លិប​បាល់ទះ​ជីកសិករណាណូ ក្នុង​លទ្ធផល ២-០ (២៥-២១, ២៥-១៤) នៅកីឡដ្ឋានពោធិ៍សាត់ កាល​ពី​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។

សម្រាប់​ការ​ប្រកួត​នៅមណ្ឌលទី១ ក្នុង​ពោធិ៍សាត់នេះ​ដែល មាន​​តំណាងសមាគម-ក្លិប-ក្រុមកីឡាបាល់ទះ ចំនួន ១៥ក្រុម ​ប្រកួត​ប្រជែងយ៉ាងស្វិតស្វាញរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។ ជាលទ្ធផល សម្រាប់​ក្រុម​ចំណាត់​ថ្នាក់​ជើង​ឯក ដល់​លេខ៣ ទទួល​បាន​ប្រាកើ​រង្វាន់ រួម​មាន៖

  • ម្ចាស់ជើងឯក៖ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទទួលបានពានរង្វាន់ និងថវិកា ចំនួន ១៥លានរៀល
  • ជើង​ឯក​រង៖ ក្លិបបាល់ទះជីកសិករណាណូទទួលបានថវិកា ចំនួន ៥លានរៀល
  • ចំណាត់​ថ្នាក់​លេខ៣៖ ក្លិបបាល់ទះខ្លាកំណាច់កំពង់ឆ្នាំង ទទួលបានថវិកា ចំនួន ២លានរៀល
  • ចំណាត់​ថ្នាក់លេខ៤៖ បានទៅលើក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទទួលបានថវិកា ១លានរៀល។

រំលឹកថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 4×4 រដូវកាលទី២ ឆ្នាំ២០២៥ នឹង​ត្រូវ​ប្រកួត​ចំនួន​ ៥មណ្ឌល​នៅ​តាម​បណ្ដាលខេត្ត​ដើម្បី​ស្វែង​រក​ក្រុម​ខ្លាំង​ដែល​ជា​ម្ចាស់​ជើង​ឯកតាមណ្ឌល​និមួយៗ ឡើង​មក​តតាំង​នៅ​រាជធានី​ភ្នំពេញ។ ក្នុង​នោះមណ្ឌល​ទាំង ៥ដែល​ត្រូវ​ប្រកួត​នៅ​តាម​បណ្ដាល​ខេត្ត​រួម​មាន៖

  • មណ្ឌលពោធិ៍សាត់ បាន​រក​ឃើញ​ម្ចាស់​ជើង​ឯក​គឺ៖ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
  • មណ្ឌលសៀមរាប ប្រកួត​ចាប់ពីថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៥
  • មណ្ឌលកំពង់ចាម ប្រកួត​ចាប់ពីថ្ងៃទី២២-២៣ ខែមីនា ឆ្នាំ២០២៥
  • មណ្ឌលកណ្ដាល ប្រកួត​ចាប់ពីថ្ងៃទី២៩-៣០ ខែមីនា ឆ្នាំ២០២៥
  • មណ្ឌលកែប ប្រកួតចាប់ពីថ្ងៃទី០៥-០៦ ខែមេសា ឆ្នាំ២០២៥

កាន់​តែពិសេសសម្រាប់​ការ​ប្រកួតព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 4×4 រដូវកាលទី២ ឆ្នាំ២០២៥ ក៏​មាន​ការ​ផ្សាយ​ជូន​ទស្សនា តាម​រយ:​ផេក​ហ្វេសបុក សារព័ត៌មានត្រយង ត្រយង TV និង Troryorng Sports ផងដែរ។

គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup រដូវកាលទី១ ឆ្នាំ២០២៤ នៅ​រាជធានី​ភ្នំពេញ ​ ក្រុមបាល់ទះ​វិសាខា បានក្លាយជាម្ចាស់ជើង​ឯក ក្រោយឈ្នះលើ​ក្រុមក្រសួងមហាផ្ទៃ ដោយលទ្ធផល ៣សិតទល់នឹង១ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងសាលកីឡដ្ឋានជាតិអូឡាំពិក កាល​ពី​រាត្រី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤៕

Share.