កងទ័ពថៃ កាលពីថ្ងៃទី៩ ខែមីនា នេះ បានស្នើកុំឱ្យប្រជាជនថៃ ច្រៀងបទភ្លេងជាតិនៅមុខប្រាសាទតាមាន់ធំ ដោយសារតែបារម្ភពីការប្រឈមមុខដាក់គ្នាជាមួយប្រជាជនកម្ពុជា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The nation thailand។

គណបក្សជម្រើសថ្មី (พรรคทางเลือกใหม่) ដឹកនាំដោយលោក Rachen Trakulwiang បានអុវត្តផែនការរៀបចំក្បួនដង្ហែបក្សទៅកាន់ខេត្តសុរិន្ទ ដើម្បីប្រារព្ធកម្មវិធីច្រៀងបទភ្លេងជាតិថៃ នៅប្រាសាទតាមាន់ធំ កាលពីថ្ងៃអាទិត្យ ទី៩ ខែមីនា នេះ ប៉ុន្ដែក្រោយមកត្រូវបានយោធាថៃ ស្នើឱ្យផ្លាស់ប្ដូរទីតាំងទៅប្រាសាទបាន ផ្លួង (Ban Phluang) ក្បែរនោះវិញ ដើម្បីទប់ស្កាត់ការប្រឈមមុខដាក់គ្នារវាងប្រជាជន និងប្រជាជននៃប្រទេសទាំង២។

ទោះបីជាយោធា និងក្រសួងការពារជាតិថៃ មានការបារម្ភពីការប៉ះទង្គិចគ្នាក៏ដោយ ក៏គណបក្សបានទទូចបន្ដព្រឹត្តិការណ៍នេះ ដោយសង្កត់ធ្ងន់ថា​ បក្សបានរៀបចំគ្រោងការជាមួយប្រជាជនរួចរាល់អស់ហើយ តែក៏បានសម្រេចប្ដូរទីតាំងតាមការស្នើសុំ។

គួរបញ្ជាក់ថា បញ្ហានៅប្រាសាទតាមាន់ធំ ដែលស្ថិតនៅក្នុងភូមិតាមាន់មានជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដោយសារតែទាហានថៃ ចូលមកហាមឃាត់ពលរដ្ឋខ្មែរ និងភ្ញៀវទេសចរ មកទស្សនាប្រាសាទតាមាន់ធំច្រៀងចម្រៀងបង្ហាញពីស្មារតីជាតិនិយម ធ្វើឱ្យមានការប៉ះទង្គិចពាក្យសម្ដីរវាងមេទ័ពខ្មែរ-ថៃ។ ប៉ុន្ដែយ៉ាងណាម៉ិញ ភាគីទាំងសងខាងបានសម្របសម្រួលគ្នាវិញផងដែរ៕

ប្រភព៖ The nation thailand

Share.