បាត់ដំបង÷ ត្រីជាច្រើននៅក្នុងអូរ ក្នុងស្រុករតន:មណ្ឌល បានពុលត្រដរខ្យល់កលងាប់ ពលរដ្ឋសង្ស័យដោយសារសារធាតុពុល។
ប្រជាពលរដ្ឋនៅទីតាំងកើតហេតុបានអះអាងថា ទឹកក្នុងអូរមានសភាពខុសប្លែកពីធម្មតា បានបណ្តាលឲ្យហ្វូងត្រីតូចធំ ពិសេសត្រីឆ្ពិន ចាប់ផ្តើមពុលស្រងល់ ចាប់តាំងពីព្រលឹមមកម្លេះ ត្រីដែលពុលខ្លាំងអាចចុះចាប់បាន។

ប្រជាពលរដ្ឋបានឲ្យដឹងថា សភាពត្រីពុលខុសពីធម្មតានេះ មិនមែនជាលើកទីមួយទេ គឺកើតឡើងម្តងហើយ ម្តងទៀត រហូតធ្វើឲ្យពួកគាត់ជាប្រជាកសិករមានការព្រួយបារម្ភពីការប៉ះពាល់ដល់ជីវចម្រុះនានា ជាពិសេសការយកមកទទួលទានជាដើម និងម៉្យាងទៀតខ្លាចបាត់បង់ពូជមច្ឆជាតិច្រើនប្រភេទផ្សេងៗទៀត។

ករណីត្រីក្នុងអូរធម្មជាតិមានសភាពស្រងល់ពុលបន្តបន្ទាប់នេះបានកើតឡើងនៅចំណុចម្តុំអូរត្រែង ក្នុងភូមិស្វាយ ស ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង។

ជុំវិញបាតុភាពនេះ លោក គុយ វណ្ណូ អភិបាលស្រុករតន:មណ្ឌល បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី ១០ ខែមីនានេះថា បញ្ហាខាងលើលោកបានចាត់ឲ្យមន្ត្រីឃុំរបស់លោកចុះទៅត្រួតពិនិត្យរួចហើយតាំងពីថ្ងៃទី ០៨ និងថ្ងៃទី ០៩ កន្លងមក លទ្ធផលបង្ហាញថា ដោយសារនៅអំឡុងពេលនោះមានទឹកភ្លៀងធ្លាក់ខ្លាំងទើបមានបរិមាណទឹកភ្លៀងច្រើនស្រុងហូរពីទីខ្ពស់ ចាក់ចូលចូលទៅក្នុងអូរទើបបង្កជាបញ្ហាធ្វើឲ្យទឹកល្អក់រហូតនាំឲ្យត្រីមានសភាពពុលដូច្នេះ មិនមែនដោយសារទឹកស្អុយហូរមកពីរោងចក្រនោះទេ៕
អត្ថបទ÷ ដំបងក្រញូង
