សេដ្ឋកិច្ចពាណិជ្ជកម្ម ៖ ភាគីកម្ពុជា-ចិន បានប្រជុំពង្រឹងនិងជំរុញលើការវិនិយោគទ្វេភាគីក្នុងវិស័យសេដ្ឋកិច្ចបៃតង និងឌីជីថល ដែលកិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាការពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ចិននៅខេត្តព្រះសីហនុ។

នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារជួបពិភាក្សាជាមួយលោក Li Yongjun អគ្គនាយកអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគក្រៅប្រទេសរបស់ក្រសួងពាណិជ្ជកម្មចិន។ ឯកឧត្តមបានថ្លែងអំណរគុណចំពោះភាគីចិនដែលបានចំណាយពេលមកពិភាក្សាការងារដោយផ្ទាល់ និងលើកឡើងពីសក្តានុពលនៃតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលបានក្លាយជាមជ្ឈមណ្ឌលទាក់ទាញវិនិយោគដ៏សំខាន់។
ក្រោមការជួយជ្រោមជ្រែងពីភាគីមិត្ត តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានក្លាយទៅជាមជ្ឈមណ្ឌលទាក់ទាញវិនិយោគដ៏មានសក្ដានុពល និងបានបង្កើនទំហំពាណិជ្ជកម្ម និងជំរុញរំហូរវិនិយោគនៅកម្ពុជា តាមរយៈការស្រូបទាញនូវគម្រោងវិនិយោគ និងបង្កើតកន្លែងការងារបានជាអតិបរមា។ បន្ថែមពីនេះ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុបានរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ តាមរយៈគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ ដោយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។ នេះបើតាមប្រសាសន៍ឯកឧត្តម សួន សុផល។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាយ៉ាងសកម្មអំពីការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ចបៃតង និងឌីជីថល។ គេសង្ឃឹមថា កិច្ចសហការនេះនឹងជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មនៃកម្ពុជា និងលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែមានគុណភាពខ្ពស់៕

