បាត់ដំបង÷ បុរសជាប់បន្សាបគ្រឿងញៀនម្នាក់ ខណ:បញ្ជូនទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក បានរត់គេចខ្លួន ដោយលោតចូលក្នុងស្ទឹងសង្កែ អស់ជាច្រើនម៉ោងទើបចាប់បានមកវិញ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ត្រង់ចំណុចមុខមន្ទីរពេទ្យបង្អែកបាត់ដំបង ក្នុងក្រុង និងខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា បុរសជនជាប់ចោទម្នាក់ ក្រោយពីមានបញ្ហាសុខភាព ត្រូវកម្លាំងជំនាញនាំខ្លួនទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បន្ទាប់ពីព្យាបាលបានជាធូរស្បើយ សមត្ថកិច្ចក៏បានសម្រេចបញ្ជូនតាមរថយន្តទៅកាន់មណ្ឌលវិញ ប៉ុន្តែភ្លាមៗជនជាប់ចោទក៏បានព្យាយាមរត់គេចរហូតដល់មាត់ស្ទឹងសង្កែ ក៏បានលោតទម្លាក់ខ្លួនចូលក្នុងស្ទឹងទាំងដៃជាប់ខ្នោះ ហើយបានហែលទៅដល់ត្រើយម្ខាងខាងកើតរកកន្លែងពួនសម្ងំលាក់ខ្លួនក្នុងគុម្ពព្រៃ និងក្រោមផ្ទះរបស់ប្រជាពលរដ្ឋ។

ក្រោយពេលសម្ងំលាក់ខ្លួនគេចពីសមត្ថកិច្ចអស់ជាច្រើនម៉ោង ចុងក្រោយបានចល័តចេញពីកន្លែងមួយ ទៅកន្លែងមួយ តែក៏ត្រូវត្រូវសមត្ថកិច្ចរកឃើញឃាត់ខ្លួនបានត្រឡប់មកវិញ រួចនាំខ្លួនបញ្ជូនទៅកាន់មណ្ឌលបន្សាបគ្រឿងញៀនជាថ្មីម្តងទៀត។

សមត្ថកិច្ចបានបន្តថា ជនជាប់ចោទខាងលើជាជនជាប់ចោទពាក់ព័ន្ធករណីថ្នាំញៀន និងបានបញ្ជូនទៅមណ្ឌលដើម្បីបន្សាបគ្រឿងញៀនក្រោយមកក៏មានបញ្ហាសុខភាព ត្រូវបានសមត្ថកិច្ចមណ្ឌលបន្សាបបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ហើយក៏មានឱកាសរត់គេចតែម្តង៕

អត្ថបទ: ដំបងក្រញូង

