ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី១០ ខែមីនា មុនពេលកិច្ចប្រជុំរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែននៅប្រទេសអារ៉ាប៊ីសាអូឌីត ថា ទាំងអ៊ុយក្រែន និងរុស្ស៊ី «មិនមានសន្លឹកបៀ» ក្នុងដៃសម្រាប់ការចរចាសន្តិភាពដ៏មានសក្តានុពលនោះទេ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Kyiv Independent នាថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥។

គណៈប្រតិភូអ៊ុយក្រែន និងសហរដ្ឋអាមេរិកនឹងជួបពិភាក្សាគ្នានៅថ្ងៃទី១១ ខែមីនា នៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ស្តីពីការបញ្ចប់សង្គ្រាមរបស់រុស្ស៊ី។ អ្នកចូលរួមត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីជម្រើសបទឈប់បាញ់ដែលមានសក្តានុពល និងកិច្ចព្រមព្រៀងធនធានរ៉ែរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន។

លោក ត្រាំ បាននិយាយថា «ខ្ញុំនិយាយថាពួកគេ (អ៊ុយក្រែន-រុស្ស៊ី) មិនមានសន្លឹកបៀទេ។ គ្មាននរណាម្នាក់មានសន្លឹកបៀទេ។ ប្រទេសរុស្ស៊ីក៏មិនមានសន្លឹកបៀដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺអ្នកត្រូវតែធ្វើកិច្ចព្រមព្រៀង ហើយអ្នកត្រូវតែបញ្ឈប់ការសម្លាប់។ វាជាសង្រ្គាមដែលឥតន័យ ហើយយើងនឹងបញ្ឈប់វា»។

យ៉ាងណាម៉ិញ សេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះ របស់លោក ត្រាំ ផ្ទុយនឹងការលើកឡើងពីមុនរបស់លោក ដែលកាលពីថ្ងៃទី២០ ខែកុម្ភៈ លោក ត្រាំបានអះអាងផ្ទុយពីការលើកឡើងនៅពេលនេះ ដែលថា រុស្ស៊ីបានកាន់ «សន្លឹកបៀ» នៅក្នុងកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន ខណៈដែលខ្លួនកាន់កាប់ផ្នែកសំខាន់មួយនៃទឹកដី​របស់​អ៊ុយក្រែន។

លុះរយៈពេល ៨ថ្ងៃក្រោយមក ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រាប់សមភាគីអ៊ុយក្រែនរបស់លោក ក្នុងអំឡុងជម្លោះដ៏ក្តៅគគុកនៅក្នុងសេតវិមានថា ប្រធានាធិបតីអ៊ុយក្រែន «មិនឈរជើងនៅទីតាំងល្អទេ» ទាក់ទងនឹងសង្រ្គាម ហើយថា​ មិនមាន «សន្លឹកបៀត្រឹមត្រូវ»។

បន្ទាប់ពីការប៉ះទង្គិចពាក្យសម្ដីគ្នាធ្ងន់ៗនៅក្នុងការិយាល័យរាងពងក្រពើ នៃសេតវិមាន កាលពីថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក បានផ្អាកជំនួយផ្នែកយោធា និងព័ត៌មានចារកម្មរបស់ខ្លួនសម្រាប់អ៊ុយក្រែន។

បន្ថែមពីនោះ គណៈប្រតិភូអ៊ុយក្រែនត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីការចាប់ផ្តើមឡើងវិញនៃជំនួយយោធានៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយគណៈប្រតិភូក៏នឹងពិភាក្សាអំពីបញ្ហាដែនដី ជម្រើសបទឈប់បាញ់ និងការចែករំលែកព័ត៌មានចារកម្មឡើងវិញផងដែរ៕

ប្រភព៖ Kyiv Independent

Share.