យោងតាមរបាយការណ៍បានឱ្យដឹងថា លោក ដូណាល់ ត្រាំ នឹងអញ្ជើញលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ឱ្យត្រឡប់មកសេតវិមានម្ដងទៀត បន្ទាប់ពីអាមេរិក និងអ៊ុយក្រែនបានយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល ៣០ថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Daily Beast នាថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥។

កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចឡើងបន្ទាប់ពីមានកិច្ចចរចាជាច្រើនម៉ោងរវាងគណៈប្រតិភូអាមេរិក និងអ៊ុយក្រែននៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ដែលទទួលបានលទ្ធផលជាវិជ្ជមានគួរជាទីគាប់ចិត្ត ដោយទីក្រុងកៀវយល់ព្រមលើសំណើបទឈប់បាញ់រយៈពេល ៣០ថ្ងៃជាមួយរុស្ស៊ី ខណៈសហរដ្ឋអាមេរិកក៏សម្រេចផ្ដល់ជំនួយយោធា និងចែករំលែកការណ៍សម្ងាត់ឱ្យអ៊ុយក្រែនឡើងវិញដែរ។

ក្រោយទទួលយកសំណើ និងពិភាក្សាសង់តង់គ្នានៅប្រទេសអារ៉ាប៊ីសាអូឌីត លោក ដូណាល់ ត្រាំ បានប្រកាសអញ្ជើញលោក ហ្សេលេនស្គី មកសេតវិមានម្ដងទៀត ហើយលោក ក៏បានបញ្ជាក់ថា នឹងនិយាយជាមួយលោក វ្ល៉ាឌីមៀ ពូទីន នៅចុងសប្ដាហ៍នេះ ជាមួយក្ដីសង្ឃឹមថា ទីក្រុងម៉ូស្គូ ក៏នឹងបើកចិត្តទទួលយកបទឈប់បាញ់នេះដូចគ្នា។

បើតាមមន្រ្តីជាន់ខ្ពស់អាមេរិកមួយរូប បាននិយាយថា «កិច្ចព្រមព្រៀងនេះគឺសម្រាប់បទឈប់បាញ់រយៈពេល ៣០ថ្ងៃ មិនត្រឹមតែបញ្ឈប់ការវាយប្រហារដោយមីស៊ីល យន្តហោះគ្មានមនុស្សបើក និងគ្រាប់បែក ឬការវាយប្រហារនៅក្នុងសមុទ្រខ្មៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្អាកនៅតាមបណ្តោយជួរមុខទាំងមូលផងដែរ»។


យ៉ាងណា កាលពីថ្ងៃចុងខែកុម្ភៈ កន្លងទៅ នៅពេលដែលលោក ហ្សេលេនស្គី បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក នៅសេតវិមាននោះ មេដឹកនាំទាំង២ បានដំឡើងសរសៃរកដាក់គ្នាយ៉ាងខ្លាំង ដែលបង្ខំឱ្យប្រធានាធិបតីអ៊ុយក្រែន ដើរចាកចេញពីសេតវិមានទាំងមិនទាន់បានចុះកិច្ចព្រមព្រៀង ឬ ធ្វើសន្និសីទសារព័ត៌មានរួមគ្នាតាមការគ្រោងទុក។ ហើយប៉ុន្មានថ្ងៃក្រោយទាស់សម្ដីគ្នា លោក ត្រាំ ក៏បានប្រកាសផ្អាកផ្ដល់ជំនួយយោធាទាំងអស់ ជាពិសេសឈប់ផ្ដល់ការណ៍សម្ងាត់អំពីរុស្ស៊ីឱ្យអ៊ុយក្រែនផងដែរ៕

