ខេត្តព្រះសីហនុ – កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងអធិការដ្ឋាបក្រុងកំពង់សោម បានបើកប្រតិបត្តិការបង្ក្រាបករណីលួចជាច្រើនករណី​ ចាប់ពីដើមខែមីនា រហូតដល់បច្ចុប្បន្ន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៧ នាក់ ក្នុងនោះស្ត្រី ១ នាក់ និងម្នាក់ទៀតកំពុងរត់គេចខ្លួន។

ករណីទាំងនេះរួមមាន ប៉ុនប៉ងលួចម៉ូតូ លួចម៉ូតូ លួចកាត់ខ្សែភ្លើង លួចកាបូបប្រាក់ និងលួចទូរស័ព្ទដៃ ដែលកើតឡើងនៅតំបន់ផ្សេងៗក្នុងខេត្ត។

ករណីលួចម៉ូតូ និង​ប៉ុនប៉ងលួចម៉ូតូ (៤ករណី) ៖ ករណីលួចម៉ូតូមួយករណី កើតឡើងនៅចំណុចក្រុមទី ២២ ភូមិ ១ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ។ ក្នុងនោះ ករណីលួចម៉ូតូ មួយទៀត កើតឡើងនៅមុខកាស៊ីណូឌូឌូឆាង ស្ថិតក្នុងភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ដោយសមត្ថកិច្ចបានដកហូតម៉ូតូ ១ គ្រឿង ម៉ាក Honda Dream C125 សេរីឆ្នាំ ២០០៩ ឡើងសេរី ២០២១ ពណ៌ខ្មៅ លេខតួនិងម៉ាស៊ីន ND125M-8365147 ពាក់ស្លាកលេខ កោះកុង 1A-4740 ដែលជាផលនៃអំពើលួច។ ចំណែកករណីលួចម៉ូតូមួយទៀត កើតឡើងនៅផ្សារសាមគ្គីអូរចំណា ស្ថិតក្នុងភូមិបត់គគី សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ដោយសមត្ថកិច្ចបានរឹបអូសម៉ូតូ ១ គ្រឿង ម៉ាក C125 ពណ៌ខ្មៅ សេរីឆ្នាំ ២០១៧ ពាក់ស្លាកលេខ ព្រះសីហនុ 1G-1850 ដែលជារបស់ជនរងគ្រោះ។ ដោយឡែក ករណីប៉ុនប៉ងលួចម៉ូតូ ត្រូវបានរាយការណ៍ថា​កើត​ឡើង​នៅការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងក្រុមទី ២០ ភូមិ ២ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ។

ករណីលួចកាត់ខ្សែភ្លើង (១ករណី) ៖ បានកើតឡើងតាមបណ្តោយផ្លូវគុជអាស៊ី ស្ថិតនៅក្រុមទី ៨ ភូមិ ១ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ។

ករណីលួចកាបូបប្រាក់ (១ករណី) ៖ បានកើតឡើងនៅតំបន់ឆ្នេរសមុទ្រជិតកាស៊ីណូឃ្វីនកូ ក្នុងក្រុមទី ២៤ ភូមិ ៣ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ។

ករណីលួចទូរស័ព្ទដៃ (១ករណី) ៖ បានកើតឡើងនៅផ្ទះជួលមួយកន្លែង ក្នុងភូមិពូធឿង សង្កាត់បិតត្រាំង ក្រុងកំពង់សោម ដោយសមត្ថកិច្ចដកហូតបានទូរស័ព្ទចំនួន ៣ គ្រឿង និងវត្ថុតាងមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ រួមជាមួយវត្ថុតាងដែលចាប់បាន ត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿង ដើម្បីបន្តនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្ត។ ការបង្ក្រាបបទ​ល្មើស​ទាំងអស់នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់សមត្ថកិច្ចនគរបាលក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តឱ្យកាន់តែល្អប្រសើរ​ថែម​ទៀត​៕

អត្ថបទ៖ ចតុមុខ

Share.