បាងកក៖ ប្រទេស​ថៃ​បាន​បណ្តេញ​មន្ត្រី​ប៉ូលិស​ម្នាក់​ក្នុង​ចំណោម​មន្ត្រី​ប៉ូលិស​ដែល​មាន​កេរ្តិ៍ឈ្មោះ​ និងមានតំណែងខ្ពស់​បំផុត​របស់​ប្រទេស ​ជុំវិញ​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​លេង​ល្បែង​ស៊ីសង​ខុស​ច្បាប់​ និង​ការ​ក្លែង​បន្លំ​ប្រាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP ។

ប៉ូលីសថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Surachate Hakparn ដែលគេហៅឈ្មោះក្រៅថា Big Joke មានតួនាទីជាអគ្គស្នងការរងនគរបាលនៃព្រះរាជាណាចក្រថៃ ត្រូវបានបណ្តេញចេញពីការងារជាផ្លូវការកាលពីថ្ងៃអង្គារ សប្ដាហ៍នេះ។

លោក Surachate ត្រូវគេចាប់បាននៅក្នុងការវាយឆ្មក់ជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៣ ដោយផ្តោតលើបណ្តាញល្បែងអនឡាញខុសច្បាប់ដែលមានឈ្មោះថា «Betflix»។

លោក​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​លាង​លុយ​កខ្វក់ ហើយត្រូវបានផ្អាកពីការងារ នៅពេលការស៊ើបអង្កេត​កំពុង​ដំណើរការ ទោះបីជាលោកបានបដិសេធក៏ដោយ។ ប៉ុន្ដែលោក Surachate អាចមានពេល ៣០ថ្ងៃ ដើម្បីប្ដឹងឧទ្ធរណ៍ប្រឆាំនឹងការបណ្ដេញចេញ។

ប៉ូលីសថៃ បាននិយាយកាលពីថ្ងៃអង្គារ ថា ការបណ្តេញលោក Surachate ចេញពីការងារ គឺស្របតាម «នីតិវិធីវិន័យសម្រាប់មន្រ្តីដែលកំពុងស៊ើបអង្កេត»។

យ៉ាងណាម៉ិញ ទម្រង់នៃការភ្នាល់ល្បែងភាគច្រើន គឺខុសច្បាប់នៅក្នុងប្រទេសថៃ ដោយអាជ្ញាធរបានខិតខំបិទកន្លែងលេងល្បែងស៊ីសងខុសច្បាប់ និងគេហទំព័រភ្នាល់ល្បែងអនឡាញជាច្រើន ដែលភាគច្រើនជាកម្មសិទ្ធិរបស់បរទេស។

គួរបញ្ជាក់ថា​ លោក Surachate Hakparn បាន​បម្រើ​ការក្នុងជួរប៉ូលិសជា​យូរ​ឆ្នាំមកហើយ​ និងមានទំនាក់ទំនង​នឹង​ឥស្សរជនមាន​ឥទ្ធិពល​ក្នុង​រដ្ឋាភិបាល​ជាច្រើនផងដែរ។ លោក​ត្រូវ​បាន​តែង​តាំង​ដោយ​ឧបនាយក​រដ្ឋមន្ត្រីថៃ លោក Prawit Wongsuwan ជា​ប្រធាន​ការិយាល័យ​អន្តោប្រវេសន៍​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០១៨។ នៅឆ្នាំ២០១៩ លោកបានបាត់ខ្លួនគ្មានមូលហេតុ ហើយបន្ទាប់មក អតីតនាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-Cha បានតែងតាំងលោកជាទីប្រឹក្សាពិសេសផ្នែកយុទ្ធសាស្ត្រដល់ប៉ូលិសនៅឆ្នាំ ២០២១៕

ប្រភព៖ AFP

Share.